(ខាឌីស)៖ Gareth Bale ដែលមានបញ្ហារបួសសរសៃពួរនោះ នឹងមិនជាប់ជម្រើស ១១នាក់ដំបូងពេលវ៉េល ប៉ះក្រុមខ្លាំងប៊ែលហ្សិកនាយប់នេះឡើយ ក្នុងវគ្គជម្រុះ World Cup 2022 ប្រចាំពូល E ចុងក្រោយ។

លោក Robert Page គ្រូបង្វឹកជម្រើសជាតិវ៉េលបានថ្លែងក្នុងសន្និសីទមុនការប្រកួតថា ខ្សែប្រយុទ្ធមក Real Madrid ខាងលើនេះ នឹងមិនលេងក្នុងជម្រើស ១១នាក់ទល់នឹងបិសាចក្រហមប៊ែលហ្សិក ក៏ព្រោះតែគេមានបញ្ហាសរសៃពួរកាលពីប្រកួតឈ្នះប៊ែលឡារូស ៥-១។

តែយ៉ាងណា គ្រូបង្វឹកដែលចូលដឹកនាំវ៉េលជំនួសលោក Ryan Giggs នោះបានសង្ឃឹមថា នឹងដាក់ Bale ចូលលេងក្នុងនាមជាកីឡាករបម្រុងវិញ។

Bale វ័យ ៣២ឆ្នាំត្រូវបានប្តូរចេញនៅវគ្គទី១ កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីជួបបញ្ហារបួស ពេលយកឈ្នះក្រុមភ្ញៀវបែលឡារូស ៥-១ ធ្វើឲ្យពួកគេឈរនៅលេខ២ និងមានសង្ឃឹមច្រើនបានលេងជម្រុះជុំទី២ ជាបន្តទៀតតំបន់អឺរ៉ុប នាំមុខក្រុមលេខ៣ សាធារណរដ្ឋឆេកចំនួន ៣ពិន្ទុ ដ្បិតឆេកត្រូវការឈ្នះច្រើនគ្រាប់ទៅលើអ៉ីស្តូនីនៅរាត្រីថ្ងៃអង្គារនេះ៕