(អាមេរិក)៖ ការលក់ឧបករណ៍ Tablet នៅក្នុងប្រទេសចិនបានកើនឡើង ១០.៦ភាគរយ បើធៀបទៅនឹងឆ្នាំមុន និងមានចំនួនលក់សរុប ៧,៦៥លានគ្រឿងនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១ ដែលវាគឺជាតួលេខមួយខ្ពស់បំផុតប្រចាំត្រីមាស និងមិនធ្លាប់មាននៅក្នុងរយៈពេលជិត ៧ឆ្នាំ ចុងក្រោយនេះ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន China Daily នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុនស្រាវជ្រាវទិន្នន័យទីផ្សារ ពិភបលោក IDC បានបង្ហាញឱ្យដឹងថា ចិនគឺជាប្រទេសតែមួយនៅក្នុងពិភពលោកដែលមានកំណើននៃការលក់ឧបករណ៍ Tablet ខ្ពស់នៅក្នុង ត្រីមាសទី។

IDC បានបន្តទៀតថា ការកើនឡើងនេះអាចនឹងធ្វើឱ្យស្ថិរភាពនៃការតម្រូវការ Tablet នៅក្នុងប្រទេសចិនល្អប្រសើរឡើងវិញ ហើយក៏ជាសញ្ញា មួយ បញ្ជាក់ផងដែរថា ទីផ្សារឧស្សាហកម្មផលិតផលអេឡិចត្រូនិកនៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចយក្សមួយនេះចាប់ផ្ដើមមានសន្ទុះឡើងវិញ។

IDC បាននិយាយថា «ការលក់ Tablet របស់ប្រទេសចិនបានឃើញកំណើនជាលំដាប់ ដែលបានជួយប្រទេសនេះឱ្យក្លាយជាទីផ្សារ Tablet ធំទីពីរនៅទូទាំងពិភពលោក ហើយនឹងបន្តមាននិន្នាការរីកចម្រើននាពេលអនាគត»

យោងតាមរបាយការណ៍របស់ IDC បានឱ្យដឹងថា មានឧបករណ៍ Tablet ប្រមាណជា ៤២,៤១លានគ្រឿងត្រូវបានលក់ចេញនៅក្នុងត្រីមាសទី៣ ដោយបានធ្លាក់ចុះប្រមាណ ៩,៣ភាគរយបើធៀបនឹងឆ្នាំមុន៕