(កំពង់ស្ពឺ)៖ ចាត់ទុកថា គឺជារឿងគួរសរសើរ ដែលសប្បុរសជនមួយក្រុមរួមមាន លោកស្រី ថេ ដាឡែន អគ្គនាយិកាភោជនីយដ្ឋានបាយ័ន និង រមណីយដ្ឋានម៉ូលីរីស៊ត, លោកស្រី ស្រ៊ុន សុភ័ត្រា អគ្គនាយិកហាង ចូលម្លប់ ស្ប៉ា និងសាឡន លោកស្រី សុង ស្រីនាង អគ្គនាយិកាក្រុមហ៊ុនព្រះខ័នប្ញទ្ធិគ្រឿងសង្ហារឹម និងសប្បុរសជនមួយចំនួនទៀត បានរួមកម្លាំងគ្នានាំយក ជំនួយជាទ្រង់ទ្រាយធំ យកទៅប្រគល់ជូនដល់សាលាដូងនៅគីរីរម្យ ដើម្បីជាប្រយោជន៍ដល់ក្មេងៗ និងចែកស្បែកជូនដល់ពលដ្ឋខ្វះខាត រហូត២៥០គ្រួសារ ដោយមិនទាន់បញ្ចូលស្បៀង និង ថវិកាជូនដល់មន្ត្រីបរិស្ថាន។

ក្រៅពីរំភើបចិត្ត លោកស្រី ថេ ដាឡែន ដែលជាម្ចាស់ជំនួយធំ ក៏បានប្រកាសថា នឹងបន្តរួមចំណែកជួយដល់សាលានេះ ឲ្យកាន់តែច្រើននាពេលបន្តបន្ទាប់ ដើម្បីឲ្យសាលាកាន់តែមានលទ្ធភាព ផ្ដល់ការសិក្សាដល់ក្មេងៗនៅគីរីរម្យ ក៏ដូចជាមានលទ្ធភាពជួយដល់សហគម ដោយលោកស្រីចង់ផ្ដល់ឱកាសឲ្យក្មេងៗរស់នៅទីនោះ បានសិក្សាកាន់តែច្រើន តាមរយៈសាលាដូង។

លោកស្រី ថេ ដាឡែន ដែលត្រូវគេដឹងថា គឺជាម្ចាស់រីស៊តម៉ូលីរីស៊ត និងភោជនីយដ្ឋានបាយ័ន បានលើកឡើងថា លោកស្រី និងក្រុមការងាររំភើបចិត្តពេញឃើញកុមារ និង ប្រជាសហគមន៍ខ្វះខាត នៅគីរីរម្យផ្ដល់ស្នាមញញឹម និងឲ្យតម្លៃទៅលើជំនួយរបស់លោកស្រី និង ក្រុមការងារ ដែលមានន័យថា គឺមកពីពួកគាត់ខ្វះខាត ទើបសប្បាយចិត្ត។ ក្នុងមួយគ្រួសារៗ លោកស្រី និង ក្រុមដៃគូផ្ដល់ជូនអង្ករមួយបាវ ទឹកត្រីទឹកស៊ីអ៉ីវមួយកញ្ចប់ មីមួយកេស ត្រីខមួយយួរ អមដោយថវិកា ហើយបើទោះជាជំនួយទាំងនេះ មិនច្រើនសម្រាប់អ្នកមាន តែគឺមានតម្លៃសម្រាប់អ្នកខ្សត់ ទើបធ្វើឲ្យលោកស្រី និងក្រុមការងារ កាន់តែយល់ពីសភាពរបស់អ្នកលំបាក។

គួរបញ្ជាក់ថា ជំនួយដែលម្ចាស់ជំនួញរួមគ្នាផ្ដល់ជូន កាលពីថ្ងៃទី១៥ វិច្ឆិកា នៅសាលាដូងនោះ សរុបជាថវិការបរមាណជាង៧ពាន់ដុល្លារ ដោយលោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងគីរីរម្យ បានបង្ហាញនូវអារម្មណ៍រំភើប និង សប្បាយរីករាយយ៉ាងខ្លាំង ចំពោះទឹកចិត្តដ៏ធំមួយនេះ។ លោកបានថ្លែងអំណរគុណដល់ភោជនីយដ្ឋានបាយ័ន ដល់ម៉ូលីរីស៊ត ដល់ចូលម្លប់ ស្ប៉ា និងសាឡន ក៏ដូចជាហាងព្រះខ័នប្ញទ្ធិគ្រឿងសង្ហារឹម ដែលបានបរិច្ចាគជំនួយដ៏ច្រើន នៅក្នុងកាលៈទេសៈដែលប្រទេសត្រូវបានបើក តែពលរដ្ឋនៅគីរីរម្យនៅតែខ្វះខាតបែបនេះ៕