(ភ្នំពេញ)៖ ធនាគារ កាណាឌីយ៉ា ដែលជាអ្នកផ្តល់សេវាធនាគារឌីជីថល និងហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា និងក្រុមហ៊ុន Total Cambodge ដែលជាសាខារបស់ក្រុមហ៊ុន TotalEnergies ដែលជាក្រុមហ៊ុនថាមពលដ៏ធំទូលាយដែលផលិត និងផ្គត់ផ្គង់ថាមពលលើ សកលលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូដើម្បី លើកកម្ពស់បទពិសោធន៍របស់អតិថិជនក្នុងសេវាកម្មទូទាត់ឌីជីថលនៅស្ថានីយ៍របស់ TotalEnergies ។

ពិធីចុះកិច្ចព្រមព្រៀងបានធ្វើឡើងនាពេលថ្មីៗនេះ ហើយជាមួយនឹងភាពជាដៃគូនេះ អតិថិជន TotalEnergies ទាំងអស់ នឹងអាចធ្វើការទូទាត់តាមរយៈ Canadia QR ឬ POS រាល់ការចាក់ប្រេងសាំង ឬការទិញទំនិញ និងសេវាកម្មផ្សេងៗនៅស្ថានីយ៍ TotalEnergies ជាង ១០០នៅទូទាំងប្រទេស។ សមាជិកកាត TotalEnergies ក៏អាចបញ្ចូល ទឹកប្រាក់ក្នុងកាតប្រេងឥន្ធនៈ របស់ពួកគេតាមរយៈកម្មវិធី Canadia Bank App ផងដែរ។

លើសពីនេះ ដៃគូចែកចាយ TotalEnergies នឹងអាចទូទាត់វិក្កយបត្រសម្រាប់ផលិតផលនិងសេវាកម្ម តាមរយៈ Canadia Bill Payment នៅលើ Canadia Bank App និងរីករាយជាមួយកញ្ចប់ហិរញ្ញវត្ថុ តាមតម្រូវការជាមួយនឹងអត្រាការប្រាក់ដ៏គួរឱ្យទាក់ទាញ ការបញ្ចុះតម្លៃលើសេវាកម្មធនាគារ និងចំនួនប្រាក់កម្ចីបន្ថែមសម្រាប់ពួកគាត់។

លោក អ៊ូ សុផាណារិទ្ធ នាយកប្រតិបត្តិហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិស្តីទី នៃធនាគារ កាណាឌីយ៉ា បានធ្វើអត្ថាធិប្បាយថា៖ «ធនាគារ កាណាឌីយ៉ា មានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូ ជាមួយក្រុមហ៊ុន TotalEnergies លើការណែនាំការទូទាត់តាមឌីជីថលដល់អតិថិជន ដៃគូ និងដែគូចែកចាយ។ ជាផ្នែកមួយនៃកិច្ចព្រមព្រៀង យើងក៏បានរៀបចំនូវកញ្ចប់ហិរញ្ញប្បទាន ពិសេសសម្រាប់ដែគូចែកចាយរបស់ក្រុមហ៊ុន TotalEnergies»។

លោកបន្តថា «ការចាប់ជាដៃគូនេះ តំណាងឱ្យទិដ្ឋភាពនៃការជឿទុកចិត្តសម្រាប់កិច្ចសហការរវាងអ្នកដឹកនាំនៃឧស្សាហកម្មទាំងពីរ ដែលបើកច្រកទ្វារសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ និងស៊ីជម្រៅបន្ថែមទៀត ដើម្បីលើកកម្ពស់ មិនត្រឹមតែផលប្រយោជន៍ទៅវិញទៅមករបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រព័ន្ធ អេកូឡូស៊ីអាជីវកម្មរបស់អតិថិជន និងសង្គមរបស់យើងផងដែរ»

ជាមួយគ្នានេះ លោកស្រី Dinah Kumar នាយកគ្រប់គ្រងនៃក្រុមហ៊ុន Total Cambodge បានថ្លែងថា «យើងមានសេចក្តីសោមនស្សរីករាយ ដែលបានចាប់ដៃគូជាមួយធនាគារកាណាឌីយ៉ា ដើម្បីសម្រួល ដល់ជីវភាពរបស់អតិថិជនរបស់យើង ដោយផ្តល់នូវដំណោះស្រាយការទូទាត់ប្រាក់តាមបែប ឌីជីថលប្រកបដោយសុវត្ថិភាព ដែលមានលក្ខណៈសាមញ្ញ និងមានប្រសិទ្ធភាព។ នេះក៏ជាមធ្យោបាយមួយសម្រាប់យើង ដើម្បីបន្តការសម្រួលបទពិសោធរបស់អតិថិជននៅស្ថានីយរបស់យើងឱ្យប្រសើរឡើង»។

សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មដែលផ្តល់ដោយ ធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន Total Cambodge សូមទាក់ទង លោក ឆាយ ឈុនលាភ ប្រធានសាជីវកម្មធនាគារ កាណាឌីយ៉ា តាមរយៈលេខ 088-9966 559 ឬ Total Cambodia តាមរយៈលេខ 023 218 630 ។

គួរជម្រាបថា ធនាគារ កាណាឌីយ៉ា គឺជាធនាគារក្នុងស្រុកឈានមុខគេ និងជាធនាគារពាណិជ្ជដែលផ្តល់សេវាពេញលេញនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩១។ ធនាគារនេះ ត្រូវបានទទួលស្គាល់ និងផ្តល់រង្វាន់ ដោយ The Asian Banker ថាជា «ធនាគារដ៏រឹងមាំបំផុតដោយតារាងតុល្យការក្នុងប្រទេសកម្ពុជា» រយៈពេល ៣ឆ្នាំជាប់ៗគ្នា និងជា «The Best Retail Bank in Cambodia» ក្នុងឆ្នាំ២០២១។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ធនាគារមានសាខាចំនួន៦៣ ជាង ៣០០+ ATM និង CRM នៅទូទាំងប្រទេស ហើយសេវាធនាគារចល័តទំនើប បានទៅដល់អតិថិជនចំនួនធំ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ គេហទំព័រ៖ www.canadiabank.com.kh ឬ https://web.facebook.com/CanadiaBankCambodia

ចំណែកឯ ក្រុមហ៊ុន Total Cambodge បានដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ។ នៅទូទាំងប្រទេស ក្រុមហ៊ុន Total Cambodge បានចូលរួមក្នុងការផ្សព្វផ្សាយផលិតផល និងសេវាកម្មថាមពល និងប្រេងរំអិលផ្សេងៗដល់អតិថិជនរបស់ខ្លួនទាំងក្នុងវិស័យឯកជន និងសាធារណៈ។ ក្រុមហ៊ុន Total Cambodge ផ្តល់ជូននូវផលិតផល និងសេវាកម្មជាច្រើន តាមរយៈស្ថានីយសេវាកម្មជាង១០០ ដែលមានហាង Bonjour ជាង៥២ ការលក់ដោយផ្ទាល់ដល់ អតិថិជន B2B និងវិស័យអាកាសចរណ៍។ លើសពីនេះ កាត TotalEnergies ផ្តល់នូវមធ្យោបាយ ងាយស្រួលក្នុងការរៀបចំ និងគ្រប់គ្រងការទិញប្រេងឥន្ធនៈ។ សេវាកម្មផ្សេងទៀត រួមមាន ការវិភាគប្រេងដែលបានប្រើរួច ការផ្លាស់ប្តូរប្រេង និងការលាងសម្អាត។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ http://www.kh.totalenergies.comhttp://www.facebook.com/TotalEnergiesCambodge