(ភ្នំពេញ)៖ ធនាគារ ពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានជំរុញឲ្យប្រជាពលរដ្ឋកម្ពុជា ដែលមានតម្រូវការប្រាក់ឥណទានរហ័ស និងសុវត្ថិភាព គួរពិចារណាស្នើសុំ កម្ចីតាមរយៈប្រព័ន្ធប្រតិបត្តិការ Chief Micro Loan App (Chief Easy) ជំនួសការប្រើប្រាស់សេវាប្រាក់កម្ចី ក្រៅប្រព័ន្ធធនាគារដែលមានហានិភ័យខ្ពស់។

បើតាមបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិ ធនាគារពាណិជ្ជ ឈីហ្វ ឥណទានទាន់ចិត្ត គឺសំដៅទៅលើឥណទានដែលខ្ចីដោយអតិថិជន ពីធនាគារពាណិជ្ជ ឈីហ្វ ដែលបានបង្កើតឡើង និងចុះបញ្ចីក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងន័យនេះ អ្នកខ្ចីបានទទួលស្គាល់ និងបានផ្តល់ការយល់ព្រម ទៅតាមលក្ខខណ្ឌដែលបានចែង និងលក្ខខណ្ឌសម្រាប់ឥណទានទាន់ចិត្តនេះ។ ក្នុងពេលបច្ចុប្បន្ន ប្រជាពលកម្ពុជាភាគច្រើន ចំណេះដឹងហិរញ្ញវត្ថុមានកម្រិត។ ការខ្ចីប្រាក់ក្រៅប្រព័ន្ធច្បាប់ នឹងនាំឲ្យអ្នកប្រើប្រាស់មានហានិភ័យ ក្នុងប្រការណាមួយ។

ថ្លែងប្រាប់អ្នកយកព័ត៌មាន ក្នុងពេលសន្និសីទកាសែត នៅថ្ងៃទី១៥ ខែវិច្ឆិកា នៅធនាគារ ឈីហ្វ សាខាច្បារអំពៅ ក្នុងខណ្ឌច្បារអំពៅ លោក បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិ ធនាគារ ឈីហ្វ បានពន្យល់ថា កម្មវិធីកម្ចីខ្នាតតូច «Chief Easy» នេះ នឹងសម្រួលដល់ប្រជាពលរដ្ឋក្នុងការស្នើកម្ចីពីធនាគារពាណិជ្ជឈីហ្វ ដោយប្រើត្រឹមរយៈពេលតែ១៥នាទីប៉ុណ្ណោះ តាមទូរស័ព្ទដៃ។

លោកបន្តថា វានឹងសម្រួលដល់អតិថិជនក្នុងការស្នើសុំខ្ចីប្រាក់បានគ្រប់កន្លែង គ្រប់ពេលវេលា មិនថា នៅកន្លែងធ្វើការងារ នៅផ្ទះ ឬនៅកន្លែងណាក៏ដោយ គឺគ្រាន់តែមានកម្មវិធី App Chief Easy ក្នុងទូរស័ព្ទដៃរបស់លោកអ្នក នោះជាការស្រេច។

លោក ម៉ូរ៉ារិទ្ធ បានថ្លែងថា «កម្ចីនេះ លោកអ្នកខ្ចីបាន ពី១០០ដុល្លារ ដល់១០០០ដុល្លារអាមេរិក ហើយត្រូវបង់សងធនាគារវិញរយៈពេល១២ខែ។ អតិថិជនអាចជ្រើសរើសចំនួនខែ ដែលត្រូវបង់សងតាមតម្រូវការរបស់លោកអ្នក នៅពេលស្នើសុំតាម App ក្នុងទូរស័ព្ទដៃ»

លោកបានបន្ថែមថា ប្រព័ន្ធប្រតិបត្តិការ Chief Easy នេះអតិថិជន អាចខ្លីរយៈពេល ១២ ខែ ក្នុងទំហំការប្រាក់ ១៨ ភាគរយក្នុងមួយឆ្នាំ ដោយគ្មានទ្រព្យបញ្ចាំ។

ចំពោះអត្រាការប្រាក់១៨ភាគរយ (អត្រាការប្រាក់ថេរ) នេះ ត្រូវគណនាប្រចាំថ្ងៃដោយគិតតាមមូលដ្ឋាន ៣៦០ថ្ងៃ ក្នុងមួយឆ្នាំ ហើយគិតលើចំនួនថ្ងៃជាក់ស្តែង
ដែលបានប្រើប្រាស់ដោយគិតចាប់ពីថ្ងៃដែលឥណទានបានដាក់ អោយប្រើប្រាស់លើកដំបូង។ ការប្រាក់ត្រូវបង់រៀងរាល់ខែនីមួយៗដែលត្រូវបង់គិតរាប់ពីកាល
បរិច្ឆេទនៃការផ្តល់ឥណទាន។
ប្រព័ន្ធប្រតិបត្តិការ Chief Easy បើកដំណើរការ ២៤ម៉ោងក្នុងមួយថ្ងៃ និង ០៧ថ្ងៃក្នុងមួយសប្តាហ៍។ ក្នុងករណី កាលបរិច្ឆេទសង ស្ថិតក្នុងថ្ងៃចុងសប្តាហ៍ និង/ឬ ថ្ងៃឈប់សម្រាក អ្នកខ្ចីត្រូវទទួលបន្ទុកក្នុងការដាក់ប្រាក់ជាមុនក្នុងគណនី ទុកសម្រាប់ធ្វើការទូទាត់បង់ការប្រាក់។

ក្នុងករណី អតិថិជន បំពានលក្ខខណ្ឌ ធនាគារមានសិទ្ធ ទាមទារសងត្រលបឥណទានមួយផ្នែក ឬទាំងស្រុងមកវិញក្នុងករណី អ្នកខ្ចីប្រើប្រាស់ឥណទាននេះមិនត្រូវនឹងគោលដៅដូចមានចែងក្នុងប្រព័ន្ធប្រតិបត្តិការ Chief Easy។

លោក ម៉ូរ៉ារិទ្ធ បានពន្យល់ថា អតិថិជន អាចស្នើកម្ចីនេះបានច្រើននាក់នៅក្នុងរង្វង់គ្រួសាររបស់លោកអ្នក ដោយផ្អែកលើប្រាក់ចំណូលបុគ្គល ដោយគ្រាន់តែភ្ចាប់ មកជាមួយ នូវសៀវភៅគ្រួសារ កាតបុគ្គលិក ឬនាមប័ណ្ណផ្ទាល់ខ្លួនជាដើម និងរបាយការណ៍ប្រាក់ចំណូលប្រចាំខែ ៣ខែចុងក្រោយ ដើម្បីជាឯកសារ ក្នុងស្នើសុំកម្ចីរហ័សនេះ។

កម្ចីរហ័សនេះដែរ គឺប្រជាពលរដ្ឋទូទៅអាចស្នើបានគ្រប់មជ្ឈដ្ឋាន មិនថាអាជីវករ សិស្ស និស្សិត និងបុគ្គលិកជាដើម។ ការស្នើកម្ចីបែបឌីជីថលនេះ គឺពិតជា
ងាយស្រួល និងរហ័សមែនទែន៕