(ភ្នំពេញ)៖ តារាចម្រៀង Cam-pop តន់ ចន្ទសីម៉ា ដំបូងគេនៅកម្ពុជា ដែលបានបំបែកកំណត់ត្រាថ្មី នៅក្នុងវិស័យចម្រៀងសម័យ ដែលកំពុងបង្កើតប្រវត្តិសាស្ត្រ ក្នុងការទស្សនា ៤៤លានដង ក្នុងរយៈពេល១១ថ្ងៃ គឺបទ «Are you ok?» ម្សិលមិញនេះ ក្រុមហ៊ុន Galaxy បានឲ្យដឹងថា ក្រុមហ៊ុនកំពុងតែបញ្ចូលបទថ្មី របស់តារាចម្រៀង Cam-pop តន់ ច័ន្ទស៊ីម៉ា ត្រូវក្នុងបណ្ដាញឌីជីថល Spotify ដើម្បីរក្សាកម្មសិទ្ធិបញ្ញា ដែលបទនោះមានចំណងជើងថា Tips បានរួចរាល់ហើយ។

យោងតាមផេកហ្វេសប៊ុកផ្លូវការ របស់ផលិតកម្ម «Galaxy Navatra» បានបង្ហាញឲ្យដឹងនៅមុននេះបន្តិចថា «បទ TIP ថ្មីរបស់ តន់ ចន្ទសីម៉ា នឹងមាននៅលើ Digital Store ជាច្រើន ដូចជា Spotify, iTunes Store... ក្នុងពេលឆាប់ៗនេះហើយ សូមបងប្អូនទាំងអស់គ្នាជួយគាំទ្រ ដើម្បីជំរុញ និងលើកទឹកចិត្ត កំពូលតារាចម្រៀង Cam-Pop របស់កម្ពុជា ប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិ»

អ្នកគាំទ្រ ជាតិនិងអន្តរជាតិ ទាំងអស់កំពុងតែចាំមើលថា តារាចំរៀង Cam-pop របស់កម្ពុជា តន់ ចន្ទសីម៉ា មានឱកាស ប្រកួតប្រជែងជាមួយតារាចម្រៀង នៅអាស៊ាន ដូចជាថៃ វៀតណាម ឥណ្ឌូនេស៊ី ឡាវម៉ាឡេស៊ី បានឬអត់? បើបច្ចុប្បន្នប្រទេសមួយចំនួននេះ មានអ្នកទស្សនារហូតដល់ជិតពាន់លានទៅហើយនោះ។

បទចម្រៀងថ្មីមានចំណងជើងថា «Tips» ថ្វីត្បិតតែមិនទាន់ចេញជាសាធារណៈ ប៉ុន្តែមហាជន និងអ្នកគាំទ្របានបង្ហាញក្ដីសង្ឃឹម និងរំពឹងខ្ពស់ថា នឹងមានសន្ទុះនៃការគាំទ្រ មិនចាញ់បទ «Are you ok?» ប៉ុន្មានឡើយ ខណៈអត្ថន័យ,សាច់ភ្លេង និងបច្ចេកទេសថត គឺផលិតកម្មបានសម្រិតសម្រាំងឡើងយ៉ាងពិសេស ដើម្បីឲ្យមានលក្ខណៈស្ដង់ដា អាចទទួលយកបាន៕