(ភ្នំពេញ)៖ កីឡាការិនីប៉េតង់កម្ពុជា អ៊ុក ស្រីមុំ បានមកដល់មាតុភូមិវិញហើយ នាល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោយពីបានលើកទុងជាតិកម្ពុជា លើឆាកអន្តរជាតិដែលដណ្តើម បានឈ្នះមេដាយមាសពិភពលោក ឆ្នាំ២០២១ បន្ទាប់ពីបានចូលរួមការប្រកួតកីឡាប៉េតង់កម្រិតជើងឯកពិភពលោក នៅ នានៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញ។

សម្រាប់ការមកដល់មាតុភូមិវិញនេះ លោកស្រី អ៊ុក ស្រីមុំ ក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅដោយមានជាក្បួនដង្ហែរដោយម៉ូតូធំចំនួន ១២គ្រឿងអបអរសាទរចំពោះជ័យជម្នះដែលទទួលបាន ឆ្ពោះទៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួបសំណះសំណាលដោយផ្ទាល់ជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាល្ងាចថ្ងៃដដែលនេះផងដែរ។

វិរៈកីឡាការិនីកម្ពុជា អ៊ុក ស្រីមុំ បានឈ្នះមេដាយមាសលើវិញ្ញាសាវាយកពិន្ទុ ក្រោយយកឈ្នះកីឡាការិនីថៃ កាលពីថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលជ័យជម្នះនេះបានធ្វើឲ្យលោកស្រី អ៊ុក ស្រីមុំ ធ្វើបានកំណត់ត្រាថ្មីជាលើកទី២ របស់ខ្លួងសម្រាប់ផ្នែកកីឡាការិនីប៉េតង់ និងប៊ូលជួរមុខរបស់កម្ពុជាដែលការឈ្នះមេដាយមាសកម្រិតពិភពលោក លើកទី១ ធ្វើបាននៅទឹកដីប្រទេសថៃកាលឆ្នាំ២០១៧ នៅពេលយកឈ្នះកីឡាការិនីថៃនៅវគ្គផ្តាច់ព្រ័ត្រដូចគ្នា។

រំលឹកផងថា សម្រាប់កម្ពុជា មានតែកីឡាការិនី អ៊ុក ស្រីមុំ ដែលបានប្រកួតលើវិញ្ញាសាវាយយកពិន្ទុផ្នែកនារី ដែលការប្រកួតបានធ្វើឡើងពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលបានយកឈ្នះគូប្រជែងនៅវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ៣៧ទល់នឹង ២៩ពិន្ទុ ខណៈដែលបានក្លាយជាកីឡាការិនីទី២ របស់កម្ពុជា ដែលបានប្រជែងឈ្នះមេដាយ ៥សម័យកាលជាប់ៗគ្នា ក្រោយពេលអ្នកស្រី កែ ឡេង ឈ្នះបាន ៤សម័យកាលមុនពេលប្រកាសចូលនិវត្តន៍។

គួជម្រាប់ថា កីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា អ៊ុក ស្រីមុំ ដែលបានឈ្នះការប្រកួតលើវិញ្ញាសាវាយយកពិន្ទុផ្នែកនារីក្នុងកម្មវិធី (The 2021 world triplets and Precision Shooting Championship) នៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញ។ ដែលនេះជាឆ្នាំទី ៥នៃការឈ្នះមេដាយមាសលើវិញ្ញាសាវាយយកពិន្ទុ របស់កម្ពុជា ដោយមិនទាន់មានប្រទេសណាក្រៅពីកម្ពុជា ធ្វើបាននៅលើពិភពលោកបែបនេះនោះទេ៕