(ហារ៉ា)៖ ការចូលរួមរបស់ក្រុមបាល់ទាត់ហ្ស៊ីមបាវ៉េ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រលីគកំពូលរបស់ទ្វីបអាហ្វ្រិក Africa Cup of Nations នៅខែមករា ឆ្នាំក្រោយ ត្រូវបានដាក់ក្នុងភាពគ្រោះថ្នាក់នាថ្ងៃអង្គារនេះ ស្របពេលដែលគណៈកម្មការកីឡារ និងកម្សាន្តរបស់ប្រទេសនេះ បានផ្អាកសកម្មភាព ក្រុមប្រឹក្សាសមាគមបាល់ទាត់ (ZIFA)។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

គណៈកម្មការបានឲ្យដឹងថា ខ្លួនបានចាត់វិធានការនេះ «បន្ទាប់ពីមានឧប្បត្តិហេតុជាច្រើននៃភាពអសមត្ថភាពរបស់ ZIFA» រួមទាំងការចោទប្រកាន់ ពីបទបៀតបៀនផ្លូវភេទលើអាជ្ញាកណ្តាលនារី និងការចោទប្រកាន់ពីការក្លែងបន្លំផងដែរ។

ការប្រកាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមបាល់ទាត់ហ្ស៊ីមបាវ៉េ បានបញ្ចប់នៅបាតតារាងនៃពូលប្រកួតជម្រុះ World Cup របស់ពួកគេ ដោយមិនទទួលបានជោគជ័យ ១ប្រកួតទាល់តែសោះ។

ការសម្រេចចិត្តនេះ គឺប្រាកដថានឹងត្រូវបានថ្កោលទោសដោយ FIFA និងទទួលការគំរាមកំហែងនៃការផ្អាកពីស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក ដែលមើលទៅយ៉ាងម៉ត់ចត់ក្នុងការការពារសមាគមជាសមាជិក ពីការជ្រៀតជ្រែករបស់រដ្ឋាភិបាល។

គួរបញ្ជាក់ថា ហ្ស៊ីមបាវ៉េបានធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមភ្ញៀវអេត្យូពី ក្នុងលទ្ធផលស្មើ ១-១ នៃការប្រកួតជម្រុះ World Cup ចុងក្រោយរបស់ពួកគេនៅទីក្រុង Harare កាលពីថ្ងៃអាទិត្យ។ អំឡុងពេលប្រកួតជម្រុះ World Cup របស់ពួកគេ ពួកគេបានបណ្តេញគ្រូបង្វឹកសញ្ជាតិក្រូអាត លោក Zdravko Logarusic ចេញពីតំណែងផងដែរ ស្របពេលដែលកាលពីថ្ងៃចន្ទ ប្រធានក្រុមកីឡាករ Khama Billiat បានប្រកាសចូលនិវត្តន៍ពីការប្រកួតអន្តរជាតិទៀតផង៕