(អាមេរិក)៖ ដើម្បីទាក់ទាញអ្នកប្រើប្រាស់ និងដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនោះ នៅពេលនេះ WhatsApp បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ធ្វើការទាញយកកម្មវិធី WhatsApp សម្រាប់ប្រើនៅ Windows ដោយមិនចាំបាច់ Login ដោយត្រូវការទូរស័ព្ទដៃទៀតទេ។ នេះបើយោងតាម ការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

កាលពីអំឡុងពាក់កណ្ដាលឆ្នាំ២០១៦ ក្រុមហ៊ុន WhatsApp បានប្រកាសដាក់ឱ្យប្រើប្រាស់នូវកម្មវិធី WhatsApp នៅលើ Windows និង Mac OS ដើម្បីឲ្យអ្នក ប្រើ ប្រាស់កាន់តែងាយក្នុងការទំនាក់ទំនង ទាំងការផ្ញើសារជាអក្សរ សំឡេង និងរូបភាព ប៉ុន្តែរាល់ការប្រើប្រាស់ វានឹង Syn ជាមួយ ទូរស័ព្ទដៃ ដោយឡែកនៅពេលនេះ អ្នកប្រើប្រាស់មិនចាំបាច់ធ្វើការ Syn ឬប្រើប្រាស់ទូរស័ព្ទដៃដើម្បីចូលទៅប្រើប្រាស់ទៀតឡើយ។

គួរបញ្ជាក់ផងដែរថា កម្មវិធី WhatsApp បានព្យាយាមធ្វើបច្ចុប្បន្ន និងបន្ថែមមុខងារថ្មីៗជាច្រើន ដើម្បីផ្គាប់ផ្គន់អ្នកប្រើប្រាស់ ដោយកាលពីថ្មីៗនេះបានបាននិងកំពុងសាកល្បង និងដាក់ឱ្យប្រើប្រាស់នូវមុខងារថ្មីៗមួយចំនួនដូចជា មុខងារស្វែងរកបញ្ជីឈ្មោះអាជីវកម្ម (Business Listing ឬ (Business Directory), មុខងារលុបសារចោលក្នុងរយ:ពេល «៩០ថ្ងៃ» បន្ថែមពីលើមុខងារមានស្រាប់ ២៤ម៉ោង និង៧ថ្ងៃ, មុខងារលុបសារដោយស្វ័យប្រវត្តិ បន្ទាប់ពីអ្នកទទួលបានឃើញត្រឹមតែម្ដង «View Once» និងចុចផ្អាក់ទៅលើការថតសារជាសំឡេង (stop recording a voice message) និងអាចចុចបន្ត ការថតសារជាសំឡេងនោះនៅពេលក្រោយបាន (resume recording when you wish) ហើយជាចុងក្រោយគឺកំពុងសាកល្បងមុខបិទ «last seen» សម្រាប់ មនុស្សណាមួយដោយផ្ទាល់តែម្ដង៕