(អាំស្ទើដាំ)៖ ក្រុមបាល់ទាត់ទឹកក្រូចហូឡង់ បានកក់កៅអីមួយហើយ ដើម្បីឡើងទៅលេង FIFA World Cup ឆ្នាំ២០២២ នៅប្រទេសកាតា នៅពេលយកឈ្នះន័រវេស ២-០ នៃវគ្គជម្រុះប្រចាំតំបន់អឺរ៉ុប UEFA។

កីឡាករ Steven Bergwijn និង Memphis Depay រកបានម្នាក់ ១គ្រាប់ចុងម៉ោងឲ្យហូឡង់ ដើម្បីយកបាន ៣ពិន្ទុក្នុងដី ក្នុងការបញ្ចប់តំណែងកំពូលតារាងនៃពូល G ជាមួយនឹង ២៣ពិន្តុកក់កៅអីដោយស្វ័យប្រវត្តិ ដើម្បីធ្វើដំណើរទៅកាតានាឆ្នាំក្រោយនេះ ដ្បិតខកខាន ១លើកកាលឆ្នាំ២០១៨ កាល World Cup នៅប្រទេសរុស្ស៊ី ដោយសារធ្លាក់ក្នុងវគ្គជម្រុះ។

តែយ៉ាងណាវាបានផ្តល់ការខកចិត្តដល់ន័រវេស ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ មិនបានលេងវគ្គជម្រុះជុំទី២ ផងដែរ ដ្បិតតួកគីជាប់ចំណាត់ថ្នាក់លេខ២ ក្នុងពូលត្រូវលេងវគ្គនាខែមីនា ឆ្នាំ២០២២ ជាបន្តទៀត។

ការអវត្តមានរបស់ខ្សែប្រយុទ្ធសំខាន់ Erling Braut Haaland ដែលរកគ្រាប់តាមស្មើ ១-១ កាលពីជើងទី១ នៅកីឡដ្ឋាន Oslo នាខែកញ្ញា ឆ្នាំ២០២១ នោះ ធ្វើឲ្យបេសកកម្មរបស់ន័រវេសត្រូវបានបញ្ចប់ ដោយសាររូបគេមានបញ្ហារបួសពុំទាន់ជាសះស្បើយ។

ដូចគ្នានោះដែរ វាបានក្លាយជាជោគជ័យថ្មីមួយទៀតសម្រាប់អ្នកចាត់ការទូទៅ Louis van Gaal ដែលចូលដឹកនាំហូឡង់ជាលើកទី២ នៅពេលដឹកនាំជាប់ចំណាត់ថ្នាក់លេខ៣ ម្តងហើយកាលពី World Cup 2014 នៅប្រទេសប្រេស៊ីល នៅពេលទំនេរពីការងាររហូតមក ក្រោយលាឈប់ពីក្លិបបិសាចក្រហម Manchester United៕