(ប៉ារីស)៖ សម្រាប់តំបន់អឺរ៉ុប UEFA ដែលមាន ១៣កៅអីលេងរៀងរាល់ World Cup នោះ ឥឡូវរកបាន ១០ក្រុមហើយដែលបានឈ្នះកៅអីដោយស្វ័យប្រវត្តិ បន្ទាប់ពីបញ្ចប់វគ្គជម្រុះតាមពូលរួចមក ដោយយកតែក្រុមលេខ១ ប៉ុណ្ណោះ ដ្បិតក្រុមលេខ២ ត្រូវលេងវគ្គជម្រុះជុំទី២ នាខែមីនា ឆ្នាំ២០២២ ជាបន្តទៀត។

ទាំង ១០ក្រុមដែលរកបានកៅអីទៅប្រទេសកាតានាឆ្នាំក្រោយនេះរួមមាន ប៊ែលហ្សិក ក្រូអាត ដាណឺម៉ាក អង់គ្លេស បារាំង អាល្លឺម៉ង់ សែប៊ី អេស្ប៉ាញ ស្វីស និងចុងក្រោយនាយប់មិញនេះ គឺទឹកក្រូចហូឡង់ នៅពេលក្រុមលេខ២ ទាំង ១០ពូល រួមទាំង ២ក្រុមទៀតមកពី Nations League ត្រូវលេងវគ្គជម្រុះជាបន្តទៀត ដោយយកតែ ៣ក្រុមប៉ុណ្ណោះ។

ដូចគ្នានោះដែរ អតីតជើងឯក Euro 2016 ព័រទុយហ្គាល់ និងជើងឯក Euro 2020 អ៉ីតាលី សុទ្ធតែធ្លាក់មកលេងវគ្កជម្រុះក្នុងជុំទី២ ប្រចាំតំបន់អឺរ៉ុបដូចៗគ្នា ដ្បិតពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងពូល ដោយពុំអាចរកបានជ័យជម្នះនៅថ្ងៃប្រកួតចុងក្រោយរបស់ពួកគេ។

អង់គ្លេស ដែលដឹកនាំដោយលោក Gareth Southgate បានឈ្នះកៅអីដោយស្វ័យប្រវត្តិហើយ គ្រាដែលប្រទេសស្ថិតក្នុងអាណានិគមរបស់គេរួមមាន វ៉េល និងស្កុតឡេន មានកៅអីលេងវគ្គជម្រុះជុំទី២ ជាបន្តទៀតនាខែមីនា ឆ្នាំ២០២២ ខាងមុខផងដែរ៕