(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិនវិមានភ្នំពេញឯ.ក បានបញ្ចុះបឋមសិលា និងបុកគ្រឹះសាងសង់ គម្រោងដ៏ប្រណិតទី១៥ របស់ខ្លួនបន្ថែមទៀតគឺ «ឌឹសេនត្រល ខាប់ភីថលII» ការសាងសង់ ឌឹសេនត្រល ខាប់ភីថលII នេះដោយសារតែតម្រូវការវិស័យអចលនទ្រព្យកើនឡើង និងមានលំនឹងល្អសម្រាប់ប្រទេសកម្ពុជាផងដែរ។ ការបញ្ចុះបឋមសិលានិងបុកគ្រឹះសាងសង់ គម្រោងដ៏ប្រណិតទី១៥ ឌឹសេនត្រល ខាប់ភីថលII របស់បុរីវិមានភ្នំពេញក្រោមអធិបតីភាពរបស់ អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិនវិមានភ្នំពេញឯ.ក និងលោកជំទាវ ព្រមទាំងបុគ្គលិកគ្រប់ផ្នែករបស់ក្រុមហ៊ុនផងដែរ។

នៅក្នុងពិធីបុកគ្រឹះបញ្ចុះបឋមសិលាសាងសង់ គម្រោងដ៏ប្រណិតទី១៥ ឌឹសេនត្រល ខាប់ភីថលII របស់បុរីវិមានភ្នំពេញ មានក្រុងពាលីតាមប្រពៃណីរបស់ខ្មែរយើងផងដែរ។

គម្រោងដ៏ប្រណិតទី១៥ ឌឹសេនត្រល ខាប់ភីថលIIនេះ សាងសង់នៅលើផ្ទៃដីទំហំ១១ហិចតា ដែលមានទីតាំងជាប់ គម្រោងឌឹសេនត្រល ខាប់ភីថលI ដែលទើបបើកសម្ភោធកាលពីដើមឆ្នាំ២០២១ ដែលគម្រោងទាំងពីរសាងសង់លើផ្ទៃដីទំហំសរុប៣១ហិចតា ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ ជិតស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីក្រុងពាលីបុកគ្រឹះសាងសង់គម្រោងឌឹសេនត្រល ខាប់ភីថលII នៅព្រឹកនេះ អ្នកឧកញ៉ា លី ហួរ ដែលជាប្រធានក្រុមព្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិនវិមានភ្នំពេញឯ.ក បានប្រាប់អ្នកសារព័ត៌មានថា «ការសម្រេចចិត្តវិនិយោគ គម្រោងដ៏ប្រណិតទី១៥ ឌឹសេនត្រល ខាប់ភីថលII នេះឡើងដោយសារបច្ចុប្បន្ន លោកមើលឃើញស្ថានភាពទូទៅសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា មានកំណើនល្អគួបផ្សំជាមួយនឹងស្ថេរភាពនយោបាយ សេដ្ឋកិច្ចមានលំនឹងនាំអោយការធ្វើវិនិយោគលើវិស័យអចលនទ្រព្យនៅតែមានតម្រូវការខ្ពស់»

អ្នកឧកញ៉ាបន្តថា សំណង់របស់បុរីវិមានភ្នំពេញទាំងអស់គឺជា សំណង់ដែលសាងសង់ឡើង ដោយក្រុមវិស្វករ ស្ថាបត្យករ និងកម្មករខ្មែរសុទ្ធសាធ ហើយការសាងសង់តែងផ្តោតជាសំខាន់ទៅលើគុណភាពជាចម្បង។ បច្ចុប្បន្នគម្រោងអភិវឌ្ឍន៍របស់ បុរីវិមានភ្នំពេញ បានគ្របដណ្តប់លើតំបន់ជាច្រើនក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុនក៏បានធ្វើការសាងសង់លំនៅឋានបែបទំនើប ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងតម្រូវការតាមតំបន់នីមួយៗ ហើយក្រុមហ៊ុនក៏មានគម្រោងធំៗជាច្រើនទៀតដែលត្រូវធ្វើជាបន្តបន្ទាប់។

ឆ្លៀតក្នុងឱកាសអ្នកឧកញ៉ា លី ហួរ សូមធ្វើការបង្ហាញពីសមិទ្ធិផលមួយចំនួនរបស់ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិនវិមានភ្នំពេញឯ.ក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍សាងសង់អគារលំនៅឋាន បានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្នមានរយៈពេល ១០ឆ្នាំ និងបានសាងសង់នូវប្រភេទផ្ទះ និងអគារជាច្រើន សម្រាប់លក់ជូនប្រជាពលរដ្ឋគ្រប់កម្រិតជីវភាពដែលអគារ និងផ្ទះទាំងនោះមានដូចជា៖ អគារពាណិជ្ជកម្ម, ផ្ទះពាណិជ្ជកម្ម, ភូមិគ្រឹះ, ផ្ទះវីឡាទោល, ផ្ទះវីឡាភ្លោះ, ផ្ទះវីឡាកូនកាត់, ផ្ទះល្វែង, និងផ្ទះកម្រិតមធ្យមផងដែរ។

ខ្ញុំសូមបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិនវិមានភ្នំពេញឯ.ក បង្កើតបានចំនួន១៥គម្រោងស្ថិតនៅទីតាំងផ្សេងៗគ្នា និងមានផែនការបង្កើតគម្រោងបន្តបន្ទាប់ទៀតទៅថ្ងៃអនាគត។ កត្តាដែលធ្វើឲ្យ ក្រុមហ៊ុន អាចបោះទុនវិយោគអភិវឌ្ឍន៍សាងសង់អគារលំនៅឋានបានរហូតមកដល់បច្ចុប្បន្ននេះ គឺដោយសារតែក្រុមហ៊ុនបានយកចិត្តទុកដាក់ទៅលើគុណភាពសេវាកម្ម គុណភាពសំណង់ ទីតាំងអភិវឌ្ឍន៍ និងលក្ខខណ្ឌបង់ប្រាក់ងាយស្រួលស្របទៅតាមស្ថានភាពកម្រិតជីវភាពរបស់អតិថិជន និងទៅតាមប្រភេទម៉ូតផ្ទះ ហើយអ្វីដែលមិនអាចខ្វះបាន គឺប្រទេសមានសុខសន្តិភាព និងការគាំទ្រពីសំណាក់ អតិថិជនជាច្រើន។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់អតិថិជន បុរីវិមានភ្នំពេញ ដែលតែងតែគាំទ្រលើគុណភាពសំណង់របស់ក្រុមហ៊ុនមួយនេះ តាំងពីដើមរៀងមក។ ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិនវិមានភ្នំពេញឯ.ក បានចូលរួម ចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញមួយផ្នែកដែរ ដោយកែប្រែតំបន់មួយចំនួន ដែលជាទីតាំងដីឡូតិ៍ទុកចោល មិនមានមនុស្សរស់នៅ ក្រុមហ៊ុនបានកែប្រែតំបន់នោះ ដោយសាងសង់លំនៅឋានសម្រាប់ប្រជាពលរដ្ឋទិញស្នាក់នៅ និងប្រកបអាជីវកម្ម ធ្វើឲ្យតំបន់នោះក្លាយជាទីប្រជុំជន មានមនុស្សអ៊ូរអរ និងមានហេដ្ឋារចនាសម្ព័ន្ធស្អាត ជាក់ស្តែងក្រុមហ៊ុនបានគូសប្លង់ឲ្យមានផ្លូវមួយខ្សែឆ្លងកាត់បុរីផ្នែកខាងមុខ ពីផ្លូវ៥៩៨ ទៅផ្លូវ៣០ម៉ែត្រថ្មី ដែលទើបនឹងអភិវឌ្ឍន៍ទាំងអស់នេះហើយ ជាកម្លាំងចលករមួយក្នុងការចូលរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញ ក៏ដូចជាសង្គមជាតិទាំងមូលហើយនៅថ្ងៃនេះផងដែរ ខ្ញុំក៏សូមប្រកាសជាផ្លូវការក្នុងការបើកការដ្ឋានសម្ភោធ គម្រោងដ៏ប្រណិតទី១៥ របស់បុរី វិមានភ្នំពេញ ចាប់ពីពេលនេះតទៅ៕