(ភ្នំពេញ)៖ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលកំពុងវិនិយោគនៅកម្ពុជា ទទួលបាន ជយលាភីមាសនៃកម្មវិធីពានរង្វាន់ «Best Country Awards for Overall CSR Excellence» ដែលជាពានរង្វាន់ក្រុមហ៊ុន ដែលមានការទទួលខុសត្រូវធ្វើកិច្ចការងារសង្គមឆ្នើមដាច់គេក្នុងប្រទេសកម្ពុជា នៃព្រឹត្តិការណ៍ពានរង្វាន់ពិភពលោកប្រចាំឆ្នាំ២០២១ ស្តីពីក្រុមហ៊ុនដែលទទួលខុសត្រូវធ្វើកិច្ចការងារសង្គម The Global CSR Awards 2021 ក្នុងឆ្នាំទី១៣ ។

សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ត្រូវបានជ្រើសរើសពីក្នុងចំណោមក្រុមហ៊ុនល្អៗដាច់គេមួយចំនួនមកពីអាស៊ី អារ៉ាប់រួម និងអឺរ៉ុបផងដែរ។

ព្រឹត្តិការណ៍ពានរង្វាន់ពិភពលោក The Global CSR Awards 2021នេះ គឺជាកម្មវិធីពានរង្វាន់ដែលមានការទទួលស្គាល់ដ៏មានកិត្យានុភាពបំផុត ក្នុងតំបន់អាស៊ីចំពោះក្រុមហ៊ុន ដែលមានការទំនួលខុសត្រូវចំពោះសង្គម និងអភិបាលកិច្ចល្អ។

កម្មវិធីនេះមានការទទួលស្គាល់ និងផ្តល់កិត្តិយសដល់ក្រុមហ៊ុនជាច្រើន ដែលមានភាពលេចធ្លោជាងគេ ក្នុងការអនុវត្តទៅលើគំនិតច្នៃប្រឌិត និងផលិតផលលំដាប់ថ្នាក់ពិភពលោក សេវាកម្ម គម្រោង និងកម្មវិធីនានាទោះបីជាបានធ្វើក្នុងអតីតកាល ក៏ដូចជាពេលបច្ចុប្បន្នក៏ដោយ។

គម្រោងទាំងនេះបង្ហាញពីភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុន ភាពស្មោះត្រង់ ការបន្តប្តេជ្ញាចិត្តក្នុងការរួមបញ្ចូលនូវគុណតម្លៃសីលធម៌ ការអនុលោមទៅតាមច្បាប់ និងការគោរពគ្នាទៅវិញទៅមក សហគមន៍ និងបរិស្ថានតាមរបៀបដែលពួកគេប្រកបអាជីវកម្ម។

នៅឆ្នាំនេះ អ្នកចូលរួមជាង ៣៥០នាក់ បានអញ្ជើញមកពីជាង១០០ក្រុមហ៊ុននៅទូទាំងពិភពលោក ហើយក្រុមហ៊ុនដែល បានជ្រើសរើសនៅវគ្គចុងក្រោយចំនួន៥០ក្រុមហ៊ុន ដែលត្រូវបានគណៈកម្មការវិនិច្ឆ័យទទួលស្គាល់ជាស្ថាប័នដែលមានកម្មវិធីទំនួលខុសត្រូវដ៏មុតមាំចំពោះសហគមន៍នៅក្នុងឆ្នាំទី២ នាសម័យនៃការរីករាលដាលជម្ងឺកូវីដ-១៩នេះផងដែរ។

លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងនៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុបបានមានប្រសាសន៍ថា “ព្រីនស៍ គ្រុប មានកិត្តិយសយ៉ាងក្រៃលែងដែលទទួលបាននូវការទទួលស្គាល់ពីព្រឹត្តិការណ៍ពានរង្វាន់ពិភពលោក The Global CSR Awards 2021 ដោយបានបញ្ជាក់ពីការរួមចំណែករបស់ពួកយើងក្នុងនាមជាក្រុមហ៊ុនដែលប្រកបដោយទំនួលខុសត្រូវចំពោះប្រជាជននៅក្នុងប្រទេសកម្ពុជា”។

លោកបានបន្តទៀតថា “ព្រីនស៍ គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើង នឹងបន្តធ្វើការជាមួយមូលនិធិព្រីនស៍ ដែលជាដៃគូផ្នែកសប្បុរសធម៌របស់យើង ក៏ដូចជាអ្នកដែលពាក់ព័ន្ធដទៃទៀត រួមមានក្រសួង និងអង្គការក្រៅរដ្ឋាភិបាលនានា ដើម្បីបង្កើតនូវភាពល្អប្រសើរសម្រាប់អនាគតរបស់ប្រទេសកម្ពុជា”។

សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប បានរួមចំណែកយ៉ាងសកម្មតាមរយៈការទិញវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ចំនួន១លានដូស និងការបរិច្ចាគដែលមានទឹកប្រាក់ប្រមាណ៦លានដុល្លារសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ព្រមទាំងការផ្តល់ជូនអាហារូបករណ៍ Chen Zhi ដែល បានឧបត្ថម្ភផ្នែកហិរញ្ញវត្ថុដល់សិស្ស ដែលពួកគេស្ថិតក្នុងស្ថានភាពលំបាក និងជាការសន្យាក្នុងការកែប្រែជីវភាពរបស់ពួកគេ។

អាហារូបករណ៍នេះ នឹងផ្តល់ជូនសិស្សចំនួន៤០០នាក់ នៅតាមសាកលវិទ្យាល័យនៃប្រទេសកម្ពុជា ក្នុងរយៈពេលនៃការបញ្ចប់ការសិក្សាសរុប៧ឆ្នាំ។ សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុបនឹងរួមចំណែកបង់ថ្លៃសិក្សាពេញលេញ ជាមួយនិងប្រាក់ឧបត្ថម្ភសរុបជាទឹកប្រាក់ប្រមាណ ២លានដុល្លារសហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា នេះគឺជាពានរង្វាន់លំដាប់អន្តរជាតិទី៨ហើយ ដែលសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបទទួលបានក្នុងឆ្នាំនេះ។ ទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំឆ្ពោះទៅរកការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងប្រទេសកម្ពុជា និងទូទាំងតំបន់អាស៊ានទាំងមូលផងដែរ។ រហូតមកដល់ពេលនេះ សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប ក៏ត្រូវបានទទួលស្គាល់ជាម្ចាស់ពានរង្វាន់ក្នុងកម្មវិធីធុរកិច្ចអន្តរជាតិប្រចាំឆ្នាំ២០២១ ដែលនេះជាព្រឹត្តិការពានរង្វាន់អន្តរជាតិប្រចាំឆ្នាំលើកទី៨ របស់ Asia-Pacific Stevie Awards ហើយសម្ព័ន្ធក្រុមហ៊ុននេះក៏ត្រូវបានទទួលស្គាល់ថា ជាសហគ្រាសដែលបង្ហាញពីភាពជាសហគ្រិនដ៏មានទំនួលខុសត្រូវ នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់អាស៊ីសហគ្រាស ដែលមានទំនួលខុសត្រូវនៅតំបន់អាស៊ីប្រចាំឆ្នាំ២០២១ Asia Responsible Enterprise Awards 2021 (“AREA”) ។ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបបានបណ្តាក់ទុនប្រមាណជាង 3ពាន់លានដុល្លារសហរដ្ឋអាមេរិកលើគម្រោងជាច្រើននៅ កម្ពុជា៕