(ភ្នំពេញ)៖ គម្រោងសហគមន៍ស្អាត របស់ខ្មែរ ប៊ែវើរីជីស បានផ្តល់ធុងសំរាមចំនួន៤០០ធុង ដល់វិទ្យាល័យចំនួន៣៨ ទូទាំងរាជធានីភ្នំពេញ ក្រោយទើបធ្វើការបរិច្ចាគ ទៅកាន់សហគមន៍ក្នុងខណ្ឌដង្កោ ចំនួន៣០០ធុង កាលពីពេលថ្មីៗនេះ។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា «ធុងសំរាម ជានិមិត្តសញ្ញាមួយ ដែលអាចបង្ហាញថា យើងកំពុងរស់នៅ ក្នុងសហគមន៍ស្អាត ដូចនេះហើយទើប ខ្មែរ ប៊ែវើរីជីស បង្កើតគម្រោង «សហគមន៍ស្អាត» ដើម្បីលើកកម្ពស់សណ្ដាប់ធ្នាប់ និងអនាម័យ ឲ្យកាន់តែប្រសើរឡើង នៅក្នុងសហគមន៍ ជាពិសេសនៅតាមសាលារៀននានា»។

លោក មូល ស៊ុយហេង នាយកវិទ្យាល័យព្រះស៊ីសុវត្ថិ បានថ្លែងថា «ខ្ញុំពិតជាសប្បាយរីករាយ និងថ្លែងអំណរគុណ ដល់ខ្មែរ ប៊ែវើរីជីស ដែលបានឧបត្ថម្ភធុងសំរាម ដល់សាលាវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីធ្វើឲ្យបរិវេណសាលាមានសណ្ដាប់ធ្នាប់ និងមានអនាម័យជាងមុន»

គួរបញ្ជាក់ថា ខ្មែរ ប៊ែវើរីជីស នឹងបន្តឧបត្ថម្ភធុងសំរាមដល់វិទ្យាល័យជាច្រើនទៀត នៅតាមបណ្តាខេត្តក្រុង ក្នុងប្រទេសកម្ពុជា៕