(ភ្នំពេញ)៖ ក្រុមហ៊ុន ជីហ្គៀ គ្រុប (GGear Group) សហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Institute of Technology of Cambodia) ក្នុងការជួយលើកតម្កើន កម្មវិធី អប់រំបណ្តុះបណ្តាលបចេ្ចកទេស និងវិជ្ជាជីវៈ ជូនដល់សិស្ស និស្សិត ដោយការឧបត្ថម្ភសំភារៈបច្ចេកទេសសំរាប់បន្ទប់ពិសោធន៍ដល់វិទ្យាស្ថានដែលមានដូចជា ប្រព័ន្ធម៉ាស៊ីនត្រជាក់ខ្នាតធំ (LG Multi V 4 System) ម៉ាស៊ីនត្រជាក់ភ្ជាប់ពិដាន (LG 1 Way Ceiling Cassette) ម៉ាស៊ីនត្រជាក់ភ្ជាប់ជញ្ជាំង (LG Wall Mounted Air-Con) និង ឧបករណ៍គ្រឿងអេឡិចត្រូនិចដែលពាក់ព័ន្ធនឹងការដំឡើងម៉ាស៊ីនត្រជាក់ផ្សេងៗទៀត ព្រមទាំងក្រុមការងារបច្ចេកទេស ដែលមានជំនាញច្បាស់ ក្នុងការផ្តល់ព័ត៌មានលំអិតពីការប្រើប្រាស់ និងសេវាកម្ម។

កម្មវិធីប្រគល់ជូននេះ បានរៀបចំឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងអាគារសិក្សារបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមការចូលរួមរបស់លោកបណ្ឌិត អ៊ុម រម្យណី អគ្គនាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងលោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយក ក្រុមហ៊ុន ជីហ្គៀ គ្រុប ព្រមទាំងលោកគ្រូ និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន មួយចំនួនផងដែរ។

គោលបំណងក្នុងការឧបត្ថម្ភសំភារៈគ្រឿងអេឡិចត្រូនិចនេះ គឺដើម្បីជួយលើកកំពស់កម្មវិធីសិក្សា និងការអនុវត្តផ្ទាល់របស់សិស្ស និសិ្សត ឲ្យរឹតតែមានប្រសិទ្ធិភាព និងអាចបញ្ចប់ការសិក្សាប្រកបដោយចំណេះជំនាញយ៉ាងពិតប្រាកដ ហើយអាចស្វែងរកការងារនឹងបំពេញការងារ ប្រកបដោយសមត្ថភាពជំនាញ និងវិជ្ជាជីវៈ នឹងអាចទទួលបានប្រាក់ចំនូលខ្ពស់។

ការចូលរួមសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានាពេលនេះ មិនមែនជាលើកទីមួយរបស់ក្រុមហ៊ុន ជីហ្គៀ គ្រុប នោះទេគឺយើងមានការចុះអនុស្សរណៈយោគយល់ ជាមួយគ្នាតាំងពីឆ្នាំ២០១៤ ក្នុងកិច្ចសហការរួមគ្នា ហើយនេះជាការអនុវត្តនឹងការបន្តការងារួមគ្នារបស់យើង។

សកម្មភាពទាំងនេះ សរបញ្ជាក់ពីការយកចិត្តទុកដាក់ នឹងបង្ហាញពីការធ្វើអាជីវកម្ម ប្រកបដោយទំនួលខុសត្រូវសំរាប់សង្គមជាតិ ក្រោមចក្ខុវិស័យដ៏ទូលំទូលាយ និងបេសកម្មដ៏ច្បាស់លាស់ក្នុងរយៈពេលវែងរបស់ក្រុមហ៊ុន ជីហ្គៀគ្រុប និងការមើលឃើញពីទិដ្ឋភាពផ្សេងៗនៃសង្គម ក្នុងការធ្វើការរួមគ្នាដើម្បីសំរេចបាននូវការអភិវឌ្ឍន៍ និងកាលើកកំពស់ជីវភាពរស់នៅ ឲ្យកាន់តែប្រសើរឡើងរបស់សហគមន៍មូលដ្ឋាន៕