(រ៉ូម)៖ កីឡាករវាយតេន្នីស Stefanos Tsitsipas បានដកខ្លួនចេញពីការប្រកួតតេន្នីស ATP Finals ដោយសារតែរបួសកែងដៃ, នេះបើតាមការប្រកាសពីអ្នករៀបចំកម្មវិធី ជាមួយនឹងកីឡាករសញ្ជាតិក្រិករូបនេះបានចាញ់ក្នុងការប្រកួតបើកឆាកប៉ះជាមួយកីឡាករ Andrey Rublev, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

Tsitsipas, ដែលបានឈ្នះពានរង្វាន់ ក្នុងព្រឹត្តិការណ៍ខាងលើ ក្នុងឆ្នាំ២០១៩នោះ, បានចាញ់កីឡាករសញ្ជាតិរុស្ស៊ី Andrey Rublev ក្នុងការប្រកួតជម្រុះពូល Green របស់លោក កាលពីថ្ងៃចន្ទ ហើយគ្រោងនឹងជួបជាមួយកីឡាករ Casper Ruud នៅការប្រកួតបន្ទាប់របស់លោក។

លើសពីនេះ, អ្នករៀបចំ ATP បានលើកឡើងថា កីឡាករក្រិក លំដាប់ថ្នាក់លេខ ៤ពិភពលោកនេះ បានរងរបួសកែងដៃខាងស្តាំ ហើយនឹងមិនអាចប្រកួតបន្ថែមទៀត ក្នុងព្រឹត្តិការណ៍ ដែលធ្វើឡើងនៅទីក្រុង Turin របស់អ៊ីតាលីបាននោះទេ។

កីឡាករ Cameron Norrie សញ្ជាតិអង់គ្លេស ជាប់លំដាប់ថ្នាក់លេខ១២ នៅលើពិភពលោក នឹងជំនួសតំណែងលោក Tsitsipas៕