(ក្រុងឡុងដ៍)៖ ក្លិបបាល់ទាត់ញញួរធំ West Ham United បានទទួលយកការដាក់ទណ្ឌកម្មរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ពីការប្រកួតទល់នឹងក្រុម Rapid Vienna នៅ Europa League ដោយគ្មានអ្នកគាំទ្រ បន្ថែមលើពិន័យជាទឹកប្រាក់ ៣ម៉ឺនផោនផងដែរ ដោយសារតែសកម្មភាពរបស់អ្នកគាំទ្រនាពេលកន្លងមក។

អ្នកគាំទ្រក្លិបអង់គ្លេសខាងលើនេះ បានបង្កជាការរំខាន និងគប់របស់ផ្សេងៗចូលទីលាននៅអំឡុងប្រកួតពេល West Ham បញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ តល់នឹងម្ចាស់ផ្ទះ Genk របស់ប៊ែលហ្សិកនៅ Europa League មុនសម្រាក ដើម្បីកីឡាករនានាលេងវគ្គជម្រុះ World Cup 2022។

ទាំងនេះជាហេតុធ្វើឲ្យ UEFA ដាក់ពិន័យ West Ham មិនឲ្យអ្នកគាំទ្រចូលរួមពេលប្រកួតទល់នឹងម្ចាស់ផ្ទះ Rapid Vienna នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅ Europa League ឡើយ ក្រៅពីពិន័យជាទឹកប្រាក់ហើយនោះ។

ភ្លាមៗនោះដែរ West Ham ក៏បានចេញសេចក្តីថ្លែងការណ៍សោកស្តាយចំពោះរឿងដែលបានកើតឡើងផងដែរ និងទទូចដល់អ្នកគាំទ្រទាំងឡាយ កុំបន្តធ្វើរឿងនេះទៀត។ លើសពីនេះទៀត ក្លិបញញួរធំក៏បានស្នើសុំកុំឲ្យអ្នកគាំទ្រទៅអូទ្រីសដើម្បីគាំទ្រក្រុមខ្លួនទៀតដែរ ព្រោះកំពុងជាប់ពិន័យស្រាប់៕