(អាមេរិក)៖ ក្រុមហ៊ុន Alphabet ដែលជាមេធំរបស់ Google នឹងចាប់ផ្ដើមបង់ប្រាក់ឱ្យទីភ្នាក់ងារព័ត៌មានបារាំង AFP ដើម្បីទទួលបាន មាតិកា ព័ត៌មាន នៅក្នុងភាពជាដៃគូរយ:ពេល៥ឆ្នាំ ដែលវាគឺជាកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណដ៏ធំបំផុតមួយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក មួយ នេះ ក្រោមច្បាប់ថ្មីរបស់បារាំង។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ស្ថាប័នព័ត៌មាន ដែលបាននិងកំពុងបាត់បង់ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មតាមអនឡាញបានត្អូញត្អែរជាច្រើនឆ្នាំទាក់ទងនឹងក្រុមហ៊ុនបច្ចេកវិទ្យា ប្រើប្រាស់មាតិកាព័ត៌មានរបស់ពួកគេនៅលើមុខងារ Search និងមុខងារផ្សេងៗជាច្រើនទៀតដោយមិនបានបង់ប្រាក់ ជាពិសេសគឺ Google និង Facebook តែម្ដង។

ច្បាប់ថ្មីរបស់បារាំង និងអូស្ត្រាលី នឹងជំរុញឱ្យស្ថាប័នព័ត៌មាន ឬប្រព័ន្ធផ្សព្វផ្សាយ មានអនុភាពកាន់តែខ្លាំងក្នុងការស្វែងរកប្រាក់ចំណូល តាមរយ: ការផ្ដល់អាជ្ញាប័ណ្ណដល់ ក្រុមហ៊ុនបច្ចេកវិទ្យានៅជុំវិញពិភពលោក ដែលវាមានតម្លៃសរុបរហូតដល់រាប់ពាន់លានដុល្លារអាមេរិក។

កិច្ចព្រមព្រៀង AFP បានធ្វើឡើងបន្ទាប់ពីប្រទេសបារាំងបានអនុម័តច្បាប់រក្សាសិទ្ធិដែលបង្កើត «Related Rghts» ដែលតម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗបើកការពិភាក្សាជាមួយស្ថាប័នព័ត៌មានដើម្បីទទួលបានអាជ្ញាប័ណ្ណតាមរយ:ការបង់ប្រាក់ ខណៈដែល កិច្ចព្រមព្រៀងរវាង AFP និង Google ត្រូវបានធ្វើឡើងក្នុងរយ:ពេល ៥ឆ្នាំ ប៉ុន្តែមិនត្រូវបានបញ្ជាក់ពីទំហំទឹកប្រាក់ឡើយ។

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Google បានយល់ព្រមបង់ប្រាក់ប្រមាណ ៧៦លានដុល្លារអាមេរិកដល់ ស្ថាប័នព័ត៌មានបារាំងចំនួន ១២១ ដោយក្នុងនោះពុំមានវត្តមាន AFP នោះទេ ប៉ុន្តែកិច្ចព្រមព្រៀងរវាង Google និងស្ថាប័នទាំង ១២១នោះ ត្រូវបានផ្អាកក្រោមការ ស៊ើបអង្កេត និងត្រួតពិនិត្យរបស់អាជ្ញាធររាំង។

គួរបញ្ជាក់ផងដែរថា កាលពីខែមុននេះ Facebook ក៏បានចុះកិច្ចព្រមព្រៀងជាមួយនឹងសារព័ត៌មានបារាំង មួយចំនួនដើម្បីទទួលបានមាតិកាព័ត៌មានដោយស្របច្បាប់៕