(ភ្នំពេញ)៖ ក្រោយខកខានរៀបចំការតាំងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា (Air & Tech Show) ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតសកលកូវីដ១៩ កាលពីឆ្នាំ២០២០មកនោះ សម្រាប់ឆ្នាំនេះ កម្មវិធីតាំងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា បានវិលត្រឡប់មកវិញហើយ។

សម្រាប់ឆ្នាំនេះវិញកម្មវិធី Air & Tech Show តម្រូវឱ្យអ្នកដែលចង់ចូលរួមទស្សនាការតាំងពិព័រណ៍ ចុះឈ្មោះអនឡាញ ឬ Online Registration ក្នុងគោលបំណង ដើម្បីលើកស្ទួយវិស័យបច្ចេកវិទ្យា នៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែទូលាយ និងមានភាពរីកចម្រើន ព្រមទាំងបង្កើនភាពងាយស្រួលដល់អ្នកចូលរួមទស្សនាផងដែរ។ ចំពោះការចុះឈ្មោះនេះ គឺដោយឥតគិតថ្លៃ និងបើកឱ្យចូលរួមទស្សនាពិព័រណ៍ដោយសេរី។

គួររំឭកថា នៅឆាំ្ន២០១៨ ការតាំងពិព័រណ៍យន្តហោះ និងបចេ្ចកវិទ្យា មានអ្នកទស្សនាជាង ៩,០០០នាក់ រួមមាន៖ សាធារណជន សិស្សានុសិស្ស និងមន្ត្រីរដ្ឋាភិបាលជាដើម ហើយក៏បានកើនឡើងដល់ ៣០,០០០នាក់ ក្នុងឆ្នាំ២០១៩។

គោលបំណងនៃពិព័រណ៍យន្តហោះ និងបចេ្ចកវិទ្យា គឺដើម្បីបំផុសទឹកចិត្តយុវជន ដែលមានទេពកោសល្យ និងសមត្ថភាពផ្នែកយន្តហោះ និងបច្ចេកវិទ្យារបស់កម្ពុជា បានបង្ហាញនូវសមិទ្ធផល និងការច្នៃប្រឌិតបង្កើតថ្មីរបស់ខ្លួន ជូនដល់មហាជន ក៏ដូចជាការដាក់តាំងបង្ហាញនូវយន្តហោះផងដែរ។ ម្យ៉ាងវិញទៀត ក៏ជាការផ្តល់ឱកាសដល់សាធារណជន សិស្សានុសិស្ស និងអ្នកទស្សនាបានមកទទួលយកនូវបទពិសោធ ចំណេះដឹង និងព័ត៌មានក្នុងអំឡុងពេលនៃការតាំងពិព័រណ៍ ពីអ្នកតាំងពិព័រណ៍ដែលមកពីវិទ្យាល័យ និងមហាវិទ្យាល័យ ក៏ដូចជាអ្នកបើកយន្តហោះ ដែលឈរនៅក្បែរយន្តហោះផា្ទល់តែម្ដង។

គួរបញ្ជាក់ថា ពិព័រណ៍យន្តហោះ និងបចេ្ចកវិទ្យា ត្រូវបានបង្កើត និងរៀបចំឡើងដោយក្រុមយុវជនកម្ពុជាមកពី សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ដែលមានចំណង់ចំណូលចិត្តលើមុខវិជ្ជាយន្តហោះ អាកាសចរណ៍ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ហើយនៅក្នុងឆ្នាំនេះ ការតាំងពិព័រណ៍នឹងប្រព្រឹត្តទៅ នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ នាថ្ងៃទី១៧ ដល់១៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។

ខាងក្រោមនេះ គឺវីដេអូណែនាំពីវិធីងាយៗ ក្នុងការចុះឈ្មោះចូលរួមទស្សនាការតាំងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ឆ្នាំ២០២១៖ https://www.facebook.com/2067214390256971/posts/2906449426333459