(ភ្នំពេញ)៖ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (ទ័ព) បានប្រកាសបញ្ចប់កិច្ចសន្យាជាមួយអ្នកចាត់ការទូទៅក្រុម លោក Lee Tae-Hoon ភ្លាមៗ បន្ទាប់ពីដឹកនាំក្រុមមិនសមប្រកបក្នុងរយៈពេលជាង ៤ខែកន្លងមកនារដូវកាលឆ្នាំ២០២១ នេះ។

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ត្រូវបានក្រុមកងយោធពលខេមរភូមិន្ទ តែងតាំងជាអ្នកចាត់ការទូទៅក្រុម កាលពីដើមខែមិថុនា ជាមួយកិច្ចសន្យារយៈពេល ២ឆ្នាំ។ ប៉ុន្ដែការដឹកនាំក្នុងលីគ ពិសេសពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ ហាក់ពុំទទួលបានលទ្ធផលល្អប្រសើរឡើយ។ ការណ៍នេះអាចជាដើមចមដ៏សំខាន់នាំឲ្យក្លិប ឈានដល់ការបញ្ចប់កិច្ចសន្យាមុនការកំណត់ដូច្នេះ។

គួរដឹងថា លោក Lee Tea-Hoon ដឹកនាំក្រុមទ័ពក្នុងលីគបាន ១៣ប្រកួត ដោយឈ្នះ៤ ស្មើ២ និងចាញ់ ៧ប្រកួត ដែលធ្វើឲ្យក្រុមឈរលេខរៀងទី៧ និងមាន ២២ពិន្ទុក្នុងដៃប៉ុណ្ណោះ។ រីឯពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំនេះវិញ ពួកគេបានធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់ពីប្រកួតចាញ់យ៉ាងចាស់ដៃ ក្រោមថ្វីជើងក្រុមអគ្គិសនីកម្ពុជា ដោយលទ្ធផល ៤-០ នៅលើទឹកដីរបស់ខ្លួនកាលពីថ្មីៗកន្លងទៅ៕