(ភ្នំពេញ)៖ គូដណ្ដើមប្រាក់លាន នៃកម្មវិធីប្រដាល់សកល Ultimate Boxing Championship 2021 បានបញ្ចប់ការប្រកួតសន្សំពិន្ទុហើយ ខណៈកីឡាករ វី សុភ័ស មានក្ដីរំពឹងខ្ពស់ក្នុងការដណ្ដើមជើងឯក ក្រោយយកឈ្នះគូប្រជែង ៣ប្រកួតជាប់គ្នា មុនឡើងជួបកីឡាករ ទូច ដេវីត នៅវគ្គផ្ដាច់ព្រ័ត្រ នាចុងខែវិច្ឆិកានេះ។

ក្នុងចំណោមបេក្ខភាពកីឡាករជម្រើសជាតិ ៤រូបដែលចូលរួមប្រកួតដណ្ដើមប្រាក់លានខាងលើ វី សុភ័ស ធ្វើបានយ៉ាងល្អ ជាក់ស្ដែងកាលពីថ្មីៗ រូបគេបានយកឈ្នះ ២ប្រកួតផ្ទួនៗ ក្នុងថ្ងៃតែមួយ ដោយផ្ដួលកីឡាករ ម៉ាង ព្រហ្មម៉ាញ ឲ្យសន្លប់ត្រឹមទឹកទី២ មុនយកឈ្នះពិន្ទុកីឡាករ ទូច ដេវីត ក្នុងការប្រកួតបញ្ចប់វគ្គសន្សំពិន្ទុ។

សុភ័ស បានបញ្ជាក់ថា គេសប្បាយចិត្តដែលធ្វើបានល្អក្នុងវគ្គសន្សំពិន្ទុ ទោះបីត្រូវប្រកួតជាមួយកីឡាករជម្រើសជាតិដូចគ្នាក៏ដោយ។ អ្វីដែលពិសេស សុភ័ស បានដាក់ក្ដីរំពឹងខ្ពស់ រហូតដល់ ៨០% ដើម្បីដណ្ដើមប្រាក់លានជាមួយកីឡាករ ទូច ដេវីត ជាមួយការប្ដេជ្ញាវាយគូប្រកួតឲ្យសន្លប់ នៅវគ្គផ្ដាច់ព្រ័ត្រទៀតផង។

វី សម្ភស្ស បានឈរលេខ១ ក្នុងវគ្គសន្សំពិន្ទុ ក្រោយប្រកួត ៣លើកឈ្នះទាំង៣ ខណៈលេខ២ កីឡាករ ទូច ដេវីដ ឆ្លងកាត់ ៣ប្រកួតគ្នា ឈ្នះ២ និងចាញ់១។ តាមការគ្រោងទុកអ្នកទាំងពីរ នឹងត្រូវជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី២៨ ខែវិច្ឆិកា។ ចាំមើលរវាង វី សុភ័ស និង ទូច ដេវីត អ្នកណានឹងក្លាយជាម្ចាស់ប្រាក់លានលើសង្វៀន UBC?

គួរដឹងថា ការរៀបចំគូដណ្ដើមប្រាក់លានលើសង្វៀន UBC ត្រូវបានសហព័ន្ធកីឡាប្រដាល់កសលកម្ពុជា ចាត់ទុកជាការផ្ដល់ឱកាសដល់កីឡាករជម្រើសជាតិ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេទេសត្រៀមការប្រកួតអន្ដរជាតិនានា ដូចជាការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២២ នៅវៀតណាម ពិសេសការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា តែម្ដង៕