(អាមេរិក)៖ ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សលំដាប់ពិភពលោក Amazon.com Inc បានឱ្យដឹងថា ខ្លួនកំពុងពិចារណាក្នុងការផ្ដាច់ទំនាក់ ទំនងភាពជាដៃគូលើប័ណ្ណឥណទានជាមួយនឹងក្រុមហ៊ុន Visa នៅសហរដ្ឋអាមេរិក បន្ទាប់ពីបានប្រកាសជាផ្លូវការថាឈប់ទទួលយក ប័ណ្ណឥណទាន Visa នៅចក្រភពអង់គ្លេស ដោយសារតែជម្លោះលើការទូទាត់ប្រាក់កាន់តែរីកធំទៅៗ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន e-commerce របស់ អាមេរិកមួយនេះ បាននិងកំពុងតែពិភាក្សាជាមួយនឹង ក្រុមហ៊ុនផ្ដល់សេវាកម្មទូទាត់ប្រាក់ជាច្រើនទៀត ដោយក្នុងនោះរួមមាន Mastercard Inc និង American Express Co ដើម្បីដំណើរការទៅលើកាតឥណទានមួយដែលមានស្ដង់ដារ ។

នៅក្នុងសេចក្ដីថ្លែងការរបស់ក្រុមហ៊ុន Amazon បានបញ្ជាក់ឱ្យដឹងថា មូលហេតុដែលខ្លួនបានពិចារណាក្នុងការឈប់សហការជាមួយនឹង Visa ដោយសារតែក្រុមហ៊ុនមួយនេះបានគិតថ្លៃសេវាកម្មថ្លៃខ្ពស់ពេក។ «វាគួរតែមានការបន្ថយតម្លៃទៅតាមពេលវេលាជាក់ស្ដែង ព្រោះថា នបច្ចុប្បន្នបច្ចេកវិទ្យាបានរីកចម្រើនខ្លាំង ប៉ុន្តែផ្ទុយទៅវិញ Visa នៅតែបន្តឡើងថ្លៃខ្ពស់ដដែល»។ នេះជាអ្វីដែល Amazon បានបញ្ជាក់។

កាលពីប៉ុន្មានខែថ្មីៗនេះ ក្រុមហ៊ុន Amazon បានគិតថ្លៃបន្ថែមទៅលើអតិថិជនដែលប្រើកាតឥណទាន Visa សម្រាប់ប្រទេសសិង្ហបុរី និងអូស្ត្រាលី ដោយបានលើកឡើងថា Visa បានគិតថ្លៃខ្ពស់ពីខ្លួនផងដែរ ខណ:ដែល ទំនាក់ទំនងរវាង Amazon និង Visa ត្រូវបាន គេមើលឃើញថាកាន់តែយ៉ាប់យ៉ឺន។

ចាប់តាំងពីចក្រភពអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុប ការកំណត់ថ្លៃសេវាកម្មកាតឥណទានមិនស្ថិតក្រោមការកំណត់ ឬគ្រប់គ្រងដោយ ចក្រភពអង់គ្លេសទៀតនោះទេ ពោលគឺក្រុមហ៊ុនផ្ដល់សេវាកម្មកាតឥណទានមានសិទ្ធិកំណត់ និងតម្លើងថ្លៃសេវាបានដោយខ្លួនឯង។

កាលពីខែមុននេះ ក្រុមហ៊ុន Visa បានចាប់ផ្ដើមគិតប្រាក់ ១.៥ភាគរយនៃតម្លៃប្រតិបត្តិការសម្រាប់ការទូទាត់តាមកាតឥណទានដែលធ្វើឡើង តាមអ៊ីនធើណែត និងតាមទូរស័ព្ទដៃនៅចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ដោយវាបានកើនឡើងពី ០.៣ភាគរយ និងបានគិតប្រាក់ ១.១៥ភាគរយសម្រាប់ប្រតិបត្តិការប័ណ្ណឥណទាន (debit card) ដោយបានកើនឡើងពី ០.២ភាគរយ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ ត្រូវបានខាងក្រុមហ៊ុន Visa ចេញសេចក្ដីថ្លែងការមួយថា ខ្លួនពិតជាខកចិត្តខ្លាំងណាស់នៅពេលដែល Amazon បានគំរាម និងដាក់កំហិតបែបនេះ ប៉ុន្តែយើងកំពុងតែស្វែងរកដំណោះស្រាយដ៏ល្ពសម្រាប់អតិថិជនដែលប្រើប្រាស់ប័ណ្ណឥណទាន Visa៕