(មេនឆេស្ទើ)៖ អនាគតបន្តរបស់កីឡាករខ្សែបម្រើ Jesse Lingard បានកំពុងស្ថិតក្នុងភាពមិនច្បាស់នៅជាមួយក្លិបបិសាចក្រហម Manchester United ដោយសារកិច្ចសន្យាថ្មីត្រូវបានបដិសេធ។

banner

កីឡាករអង់គ្លេស វ័យ ២៨ឆ្នាំខាងលើនេះ ទើបតែបានចូលលេង ១ប្រកួតប៉ុណ្ណោះនៅ EFL Cup កាលខែកញ្ញា ឆ្នាំ២០២១ ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer មុនពេលកិច្ចសន្យានៅទឹកដី Old Trafford នឹងផុតកំណត់នៅបំណាច់រដូវក្តៅខាងមុខ។

Lingard ត្រូវបាន United យកមកវិញ ក្រោយពេលបង្ហាញទម្រង់លេងបានល្អជាមួយក្លិបញញួរធំ West Ham United ដែលលេងនៅ Premier League ដូចគ្នាកាលជើងទី២ នារដូវកាលមុន និងរំពឹងថា បន្តកិច្ចសន្យាថ្មីបានដោយជោគជ័យទៀតផង។

គិតមកទល់ពេលនេះ Lingard មានក្លិបចំនួន ៦ហើយបានធ្វើការទាក់ទងទៅចូលរួមជាមួយពួកគេ គ្រាដែលលោក Ole មានគម្រោងដាក់រូបគេចូលលេងបានច្រើនប្រកួតទៀតនាពេលខាងមុខ ក្រោយពេលទើបដាក់ចូលលេងក្នុងជម្រើស ១១នាក់ដំបូងបាន ១ប្រកួត ក្រៅពីលេងបម្រុងបាន ៧ប្រកួតនារដូវកាលនេះ ដោយសរុបទើបតែបាន ៧៦នាទីប៉ុណ្ណោះ។

មែនទែនទៅ Jesse Lingard ជាកីឡាករត្រូវជ្រើសរើសចេញពីឈុតយុវជន United ក្រោយពេលរូបគេចូលជាមួយក្លិបប្រចាំទីក្រុង Manchester មួយទៀតតាំងមានអាយុ ៧ឆ្នាំមកម្ល៉េះ និងត្រូវបានគេគិតថា នឹងត្រូវខ្ចីជើងបន្តទៅក្លិបផ្សេងទៀតដែរនាខែមករា ឆ្នាំ២០២២ ខាងមុខ៕