(អាមេរិក)៖ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា នឹងពន្យារពេលប្រកាសបង្ហាញរថយន្តអគ្គិសនីរហូតដល់ដើមឆ្នាំ២០២៥ ដោយសារតែវិបត្តិកូវីដ១៩ និងកង្វះខាតបន្ទះឈីបជាសកល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២១។

ប្រភពជិតស្និទ្ធបានឲ្យដឹងថា ក្រុមហ៊ុនផលិត iPhone មួយនេះបាននិងកំពុងតែមមាញឹកខ្លាំងក្នុងការជំរុញសង្វាក់ផលិតកម្មរថយន្តអគ្គិសនីរបស់ខ្លួន ដោយក្នុងនោះគឺ Apple បានយកចិត្តទុកដាក់ និងផ្ដោតសំខាន់លើការបើកបរដោយស្វ័យប្រវត្តិទាំងស្រុង (full self-driving) ដែលជាចំណុចទាក់ទាញថ្មីខុសពីក្រុមហ៊ុនដទៃ។

សារព័ត៌មាន Bloomberg បានចេញផ្សាយថា រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Apple គឺត្រូវបានរចនា និងបង្កើតឡើងជាពិសេស ដោយមិនមានចង្កូត និងឈ្នាន់ជាន់ហ្វ្រាំងឡើយ ដោយនៅខាងក្នុងគឺរចនាឡើងសម្រាប់ការបើកបរដោយមិនប្រើដៃកាន់ចង្កូត (hands-off driving)។

លោក Dan Ives អ្នកវិភាគមកពីស្ថាប័ន Wedbush បានអះអាងថា ៦០ ទៅ ៦៥ភាគរយគឺ Apple នឹងបង្ហាញរថយន្តអគ្គិសនីរបស់ខ្លួននៅដើមឆ្នាំ២០២៥។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើន បានងាកមកផលិតរថយន្តអគ្គិសនី ដើម្បីបំពេញតម្រូវការអតិថិជន និងដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នពុល។

គួរបញ្ជាក់ផងដែរថា កាលពីខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុន Apple បានប្រកាសបង្ហាញគម្រោង Apple Car ជាផ្លូវការ ដោយក្នុងនោះបានបញ្ជាក់ថាវានឹងបង្ហាញខ្លួននៅក្នុងឆ្នាំ២០២៤ ខណៈដែលគម្រោងមួយនេះត្រូវបានសិក្សាតាំងពីឆ្នាំ២០១៤ ប៉ុន្តែមកដល់ពេលនេះគេនៅមិនទាន់ដឹងថា Apple Car ជារថយន្តអគ្គិសនី ,រថយន្តបើកបរដោយស្វ័យប្រវត្តិ ឬជាកម្មវិធីថ្មីដែល Apple សហការជាមួយក្រុមហ៊ុនផ្សេងសម្រាប់បំពាក់លើរថយន្តអគ្គិសនី៕