(ក្រុងឡុងដ៍)៖ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League បានចុះកិច្ចសន្យាលក់សិទ្ធិផ្សាយដែលមានតម្លៃ ២ពាន់លានផោនទៅឲ្យបណ្តាញទូរទស្សន៍ NBC របស់សហរដ្ឋអាមេរិក ដែលមានសុពលភាពដល់បំណាច់រដូវកាលឆ្នាំ២០២៧-២០២៨ ខាងមុខ។

កន្លងមកបណ្តាញផ្សព្វផ្សាយអាមេរិក NBC បានចុះកិច្ចព្រមព្រៀងទិញសិទ្ធិផ្សាយបន្តផ្ទាល់ពី Premier League មានរយៈពេល ៩រដូវកាលមកហើយ ដ្បិតកិច្ចសន្យារយៈពេល ៦ឆ្នាំគិតចាប់តាំងពីឆ្នាំ២០១៥ នោះ មានតម្លៃត្រឹមតែ ៧៤០លានផោនប៉ុណ្ណោះ។

កិច្ចសន្យាថ្មីដែលមានតម្លៃ ២ពាន់លានផោនខាងលើនេះ គឺចាប់មានសុពលភាពចាប់ពីរដូវកាល ២០២២-២០២៣ ដល់ឆ្នាំ២០២៧-២០២៨។

ប្រធានប្រតិបត្តិនៃ Premier League បានថ្លែងប្រាប់ BBC ក្រោយពីចុះកិច្ចសន្យាថា «វាគឺពេលដ៏រីករាយបំផុតសម្រាប់បាល់ទាត់នៅអាមេរិក។ ប្រព័ន្ធផ្សព្វផ្សាយកីឡា NBC គឺបណ្តាញដ៏ចាប់អារម្មណ៍ និងលេចធ្លោមួយនៅអាមេរិក ទាំងក្នុងលីគរបស់ពួកគេទៀតផង»។

បន្ថែមលើនេះ កាលខែឧសភា ឆ្នាំ២០២១ កន្លងទៅ Premier League ក៏បានចុះកិច្ចព្រមព្រៀងលក់សិទ្ធិផ្សាយបន្តផ្ទាល់ទៅឲ្យទូរទស្សន៍កីឡា Sky Sports, BT Sport, Amazon Prime Video និង BBC Sports ផងដែរ ដែលមានតម្លៃជាង ៤.៧ពាន់លានផោនផងដែរ៕