(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់លីគកំពូលកម្ពុជា ប្រចាំឆ្នាំ២០២១ បានឈានចូលសប្តាហ៍ទី២០ ហើយដោយមានក្រុមពិសេសត្រូវជួបគ្នារវាងក្រុម ម្ចាស់ផ្ទះភ្នំពេញក្រោន ត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវបឹងកេតនៅថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងទឹកដីនៃកីឡដ្ឋាន អ.អេស.អិន នាវេលាម៉ោង ១៥៖៣០នាទីរសៀលនេះ។

គួររំលឹកផងដែរថា សម្រាប់ក្រុមភ្នំពេញក្រោនកាលពីសប្តាហ៍ទី១៩ បានលេងស្មើជាមួយក្រុមម្ចាស់ផ្ទះវិសាខា នៅក្នុងលទ្ធផល ១-១ នាថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ។ ភ្នំពេញក្រោន បានឆ្លងកាត់១៨ប្រកួតកន្លងមកនេះ ឈ្នះ១២ដង ស្មើ៥ដង និងចាញ់១ដង បានឈរនៅកំពូលតារាងលេខ១ និងមាន ៤១ពិន្ទុ។

ចំណែកឯក្រុម បឹងកេតវិញ កាលពីសប្តាហ៍ទី១៩ ក៏បានលេងស្មើជាមួយអង្គរថាយហ្គឺរ នៅក្នុងលទ្ធផល ១-១ នាថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ នៅក្នុងទឹកដីរបស់ខ្លួន។
បឹងកេត បានឆ្លងកាត់១៨ប្រកួតកន្លងមកនេះដូចគ្នា ឈ្នះ ១១ដង ស្មើ២ដង និងចាញ់៥ដង បានឈរនៅចំណាត់ថ្នាក់លេខ៤ និងមាន៣៥ពិន្ទុ។

សូមបញ្ជាក់ថា ទាក់ទងទៅនឹងការប្រកួតរបស់ក្រុមទាំងពីរនេះកាលពីជើងទី១ កន្លងទៅក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុមម្ចាស់ផ្ទះ បឹងកេតនៅក្នុងលទ្ធផល ២-១ ផងដែរ៕