(ចិន)៖ ក្រុមហ៊ុនបច្ចេកវិទ្យា និងលក់ទំនិញយក្សរបស់ចិន Alibaba Group Holding បានព្យាការណ៍ថាប្រាក់ចំណូលប្រចាំឆ្នាំនឹងកើនឡើង ក្នុងល្បឿនយឺតបំផុត និងមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៤មក ខណ:ដែលប្រាក់ចំណូលត្រីមាសកន្លងទៅនេះមានការថយចុះខ្លាំង ដោយសារតែតម្រូវការផលិតផលប្រើ ប្រាស់ក្នុងស្រុកថយចុះ និងប្រឈមមុខនឹងភាពតានតឹងពីសំណាក់រដ្ឋាភិបាល។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Alibaba បានរំពឹងថា ប្រាក់ចំណូលប្រចាំឆ្នាំនឹងកើនឡើងត្រឹមតែ ២០ ទៅ២៣ភាគរយប៉ុណ្ណោះ ដែលវាជាការកើនឡើងយឺតបំផុត។

ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បានបាត់មុខជាសាធារណៈ ចាប់តាំងពីការរិះគន់ប្រព័ន្ធគ្រប់គ្រងរបស់ប្រទេសចិនកាលពីឆ្នាំមុន ហើយបានបង្ហាញវត្តមានឡើងវិញ ប៉ុន្តែមិនបានសកម្មភាពខ្លាំងក្លា ឬចេញមុខចេញមាត់ដូចរាល់ដងនោះទេ ខណ:ដែលក្រុមហ៊ុន Alibaba ត្រូវបានរដ្ឋាភិបាលចិនផាកពិន័យជាប្រាក់ប្រមាណ ២,៧ពាន់លានដុល្លារអាមេរិក ពាក់ព័ន្ធនឹងការប្រើប្រាស់ឥទ្ធិពលដើម្បីប្រកួតប្រជែងដោយមិនស្មោះត្រង់។

ជាមួយគ្នានោះផងដែរ រដ្ឋាភិបាលចិនក៏បានស៊ើបអង្កេតដល់ក្រុហ៊ុន Ant Group ដែលជាបុត្រសម្ព័ន្ធរបស់ Alibaba និងបានផ្អាក ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុមួយនេះមិនឱ្យចូលទីផ្សារហ៊ុន (IPO) ដែលមានគម្រោងមានទឹកប្រាក់រហូតដល់ ៣៧ ពាន់លានដុល្លារកាលពីខែវិច្ឆិកាឆ្នាំមុន។

គួរបញ្ជាក់ផងដែរថា មិនមែនមានតែក្រុមហ៊ុន Alibaba មួយនោះទេដែលបានរងសម្ពាធពីសំណាក់រដ្ឋាភិបាលចិននោះ សូម្បីតែក្រុមហ៊ុន ផ្ដល់សេវាកម្មកម្សាន្ត និងបច្ចេកវិទ្យាលំដាប់យក្សរបស់ចិន Tencent Holdings ក៏ត្រូវបានរដ្ឋាភិបាលចិនត្រួតពិនិត្យយ៉ាងរឹងតឹង និងម៉ឹងម៉ាត់បំផុតផងដែរ៕