(ភ្នំពេញ)៖ ទីបំផុតក្រុមភ្នំពេញក្រោន បានក្លាយជាជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២១ និងជាលើកទី៧ ក្នុងប្រវត្តិសាស្ដ្ររបស់ក្លិប បន្ទាប់ពីយកឈ្នះក្រុមភ្ញៀវបឹងកេត ដោយលទ្ធផល ១-០ ស្របពេលក្រុមព្រះខ័នរាជស្វាយរៀង និងវិសាខា បានត្រឹមខកចិត្តប៉ុណ្ណោះ ក្រោយបញ្ចប់ការប្រកួតបិទរដូវកាល នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកានេះ ។

១គ្រាប់ជួយឲ្យក្រុមសិង្ហក្រហមបន្ថែមកំណត់ត្រាលើកពានលីគកំពូលកម្ពុជាខាងលើ ធ្វើសម្រេចដោយកីឡាករ Yudai Ogawa នៅនាទី៧៣ បន្ទាប់ពីក្រុមទាំងពីរ បានរក្សាលទ្ធផលស្មើគ្នា ០-០ នៅវគ្គទី១ ។ នៅចុងវគ្គទី២ បឹងកេត បានផ្លាស់ប្ដូរកីឡាករស្នូលមួយចំនួនចូល ដូចជា ចាន់ វឌ្ឍនាកា និង ម៉ាត់ នូរុណ ជាដើម តែពួកគេមិនអាចបង្អាក់ដំណើរភ្នំពេញក្រោនលើកពានបានឡើយ ។ ភ្នំពេញក្រោន ឈរកំពូលតារាងមាន ៤៤ពិន្ទុ ក្រោយឆ្លងកាត់ ១៩ប្រកួតឈ្នះ ១៣ ស្មើ ៥ និងចាញ់ ១ ។

ចំណែកក្រុមព្រះខ័នរាជស្វាយរៀង បានត្រឹមជើងឯករង បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ដោយលទ្ធផល ៥-២ នៅកីឡដ្ឋាន SRU ខេត្តសៀមរាប ។ ព្រះខ័នរាជស្វាយរៀង ឆ្លងកាត់ ១៩ប្រកួតឈ្នះ ១៣ ស្មើ ៣ និងចាញ់ ៣ មាន ៤២ពិន្ទុ ខណៈវិសាខា ទទួលបានត្រឹមចំណាត់ថ្នាក់លេខ៣ និងមាន ៤០ពិន្ទុ បន្ទាប់ពីប្រកួតស្មើក្រុមម្ចាស់ផ្ទះសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ០-០ នៅកីឡដ្ឋានស្ដាតចាស់ ។

នេះគឺជាលើកទី៧ ហើយ ដែលភ្នំពេញក្រោន បានលើកពានលីគកំពូលកម្ពុជា (ឆ្នាំ២០០២, ២០០៨, ២០១០, ២០១១, ២០១៤, ២០១៥ និងឆ្នាំ២០២១) ពោលគឺជាក្លិបជោគជ័យជាងគេ ស្របពេលក្រុមបឹងកេត ធ្លាប់លើកពាន ៤លើកប៉ុណ្ណោះ កាលឆ្នាំ២០១២, ២០១៦, ២០១៧ និងឆ្នាំ២០២០ ខណៈណាហ្គាវើលដ៏ ធ្លាប់លើកពាន ៣ដង កាលពីឆ្នាំ២០០៧, ២០០៩ និងឆ្នាំ២០១៨៕