(មែនឆេស្ទើ)៖ ខ្សែបម្រើ Kevin de Bruyne របស់ក្លិបមេឃខៀវ Manchester City ត្រូវបានរាយការណ៍ថា តេស្តវិជ្ជមាន COVID-19 ដោយត្រូវដាក់ខ្លួនដាច់ដោយឡែកពីគេចំនួន ១០ថ្ងៃ និងត្រូវអវត្តមានជំនួបធំៗរួមមានការប៉ះជាមួយ Everton ក្នុងលីគអង់គ្លេស Premier League និងនៅពាន Champions League ប៉ះ Paris Saint-Germain។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។

បុរសវ័យ ៣០ឆ្នាំបានតេស្តវិជ្ជមាន COVID-19 ក្រោយត្រឡប់ពីការចូលរួមជាអន្តរជាតិក្នុងការប្រជែងវគ្គជម្រុះពាន FIFA World Cup 2022 ជាមួយម្រើសជាតិប៊ែលហ្ស៊ិក ដ្បិតរូបគេបានចាក់វ៉ាក់សាំងរួចក៏ដោយ ដោយបានស៊ុតបញ្ចូលទីក្នុងជំនួបជាមួយក្រុមវ៉េលកាលពីថ្ងៃអង្គារ ពេលដែលអ្នកចាត់ការក្រុម Man City លោក Pep Guardiola ឲ្យដឹងថា «រោគសញ្ញាមានចេញតិចតួច។ យើងនឹងជួយគាត់អំឡុងពេលនៅឯកោពីគេ»។

គួរបញ្ជាក់ផងថា Man City ស្វាគមន៍ក្រុមភ្ញៀវ Everton នៃសប្តាហ៍ទី១២ ស្វែងរក ៣ពិន្ទុបន្ថែមក្នុងលីគ Premier League ដែលបច្ចុប្បន្នមាន ២៣ពិន្ទុឈរលេខ២ ក្នុងតារាង មុនបន្តជួបក្រុមបារាំង Paris St. Germain នៅជំនួបទី៥ ក្នុងពូល A ដែលក្លិបមេឃខៀវកំពុងរកបាន ៩ពិន្ទុបណ្តោះអាសន្ន៕