(ឡុងដ៏)៖ គ្រូបង្វឹកក្លិបថ្មី Newcastle United លោក Eddie Howe ត្រូវខកខានដឹកនាំក្រុមដំបូង ក្រោយតេស្តវិជ្ជមាន COVID-19 ដែលរបាយការណ៍បានឲ្យដឹងកាលពីសុក្រ ទី១៩ ខែវិច្ឆិកាថា ក្រុមឈរបាតតារាងនេះត្រូវជួបក្រុម Brentford នៅលីគអង់គ្លេស Premier League នាថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះក្នុងសប្តាហ៍ទី១២ ស្វែងរក ៣ពិន្ទុបន្ថែមសម្រាប់ជើងទី១។

លោក Eddie Howe បានបង្ហាញអារម្មណ៍ថា «ខ្ញុំពិតជាមានការខកចិត្តខ្លាំងណាស់ដែលមិនបាននៅទីនោះ ជាមួយអ្នកទាំងអស់គ្នានាកីឡដ្ឋាន James’ Park»។ ខណៈជំនួបនោះ លោក Jason Tindall និងលោក Graeme Jones ត្រូវទទួលការងារជំនួសលោក Howe។

លោក Howe បានចូលមកដឹកនាំក្រុមសារិកាព្រៃ Newcastle United កាលពីដើមខែវិច្ឆិកា ដែលមានម្ចាស់ក្លិបមកពីអារ៉ាប៊ីសាអ៊ូឌីត ហើយក៏កំពុងតែរង់ចាំការបង្ហាញខ្លួនជាសាធារណៈ តែអំឡុងពេលនេះត្រូវដាក់ខ្លួននៅដាច់ដោយឡែកពីគេមួយរយៈ គ្រាដែលលោក Howe ធ្លាប់ជាគ្រូបង្វឹកក្លិប AFC Bournemouth និង Burnley ផងដែរ។

ក្នុងនោះរដ្ឋាភិបាល UK បានណែនាំថា អ្នកដែលបានតេស្តវិជ្ជមាន COVID-19 ត្រូវដាក់ខ្លួនដាច់ពីគេ ១០ថ្ងៃ ដូច្នេះលោក Howe នឹងត្រូវខកខាននៅជំនួប Newcastle ប៉ះ Arsenal នាថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០២១ ផងដែរ៕