(ភ្នំពេញ)៖ តារាចម្រៀង, ជាអ្នកនិពន្ធទំនុកច្រៀង និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ មានឈ្មោះល្បីគួរសមក្នុងមជ្ឈដ្ឋានសិល្បៈ លោក ជុន សុធី បានដាច់ចិត្តប្រកាសលក់ហាងអាហារ និងដី ដើម្បីបានប្រាក់បន្តព្យាបាលជំងឺភ្នែកធ្ងន់ធ្ងរ បន្ទាប់ពីលោកអស់លទ្ធភាព រកថវិកាព្យាបាល ព្រោះថវិកាដែលបានមកពីចំណូលសិល្បៈ ក៏ហាក់ខ្សត់ខ្សោយ មិនអាចគ្រប់គ្រាន់លើថ្ងៃព្យាបាលបានជំងឺរបស់លោកឡើយ។

តារាចម្រៀងលោក ជុន សុធី បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា លោកបានសម្រេចចិត្ត ប្រកាសលក់អាហារដ្ឋាន និងដីរបស់ខ្លួនចំនួន២កន្លែង ដើម្បីបានប្រាក់ព្យាបាលជំងឺភ្នែក ដែលលោកបានធ្លាក់ខ្លួនឈឺចូលក្នុងស្ថានភាពធ្ងន់ធ្ងរ អស់រយៈពេលជិតកន្លះខែមកហើយ។ លោកបន្តថា គ្រាន់តែលោកចាប់ផ្ដើម មានអាការៈឈឺភ្នែកខ្លាំងភ្លាម លោកបានស្វះស្វែងរកមន្ទីរពេទ្យភ្នែកល្បីៗក្នុងរាជធានីភ្នំពេញ ដើម្បីព្យាបាលឲ្យទាន់ពេលវេលា ប៉ុន្ដែហាក់ពុំបានធូរស្បើយ ខណៈថវិកាក៏អស់ច្រើនពីខ្លួន។

តារាចម្រៀងរូបនេះ បានបន្តថា ដោយមានការព្រួយបារម្ភខ្លាំង ខ្លាចភ្នែករបស់លោកកាន់តែធ្ងន់ធ្ងរទៅៗ ឈានដល់ពិការភាព លោកបានពិភាក្សាជាមួយគ្រួសារ ដើម្បីធ្វើការប្រកាសលក់ហាងអាហារមួយកន្លែង ស្ថិតនៅក្នុងសង្កាត់ក្រាំងធ្នង់ និងដីមួយចំនួនទៀត ដើម្បីបានថវិកាយកទៅព្យាបាលនៅក្រៅប្រទេស។ លោកថា ការព្យាបាលនៅក្នុងប្រទេស គឺមានពេទ្យភ្នែកចំនួន៥កន្លែងមកហើយ ប៉ុន្តែមិនធូរស្រាលទាល់តែសោះ ពោលគឺនៅតែមានអាការៈក្រហាយ ក្ដៅភ្នែកខាងឆ្វេងខ្លាំង ស្ទើរពុំអាចទ្រាំបាន។

សមាជិកក្រុមប្រឹក្សាភិបាល សមាគមសិល្បករខ្មែររូបនេះ បាននិយាយថា «ខ្ញុំពិតជាមានការព្រួយបារម្ភណាស់បង.. ទើបខ្ញុំបានសម្រេចចិត្តសេងហាងបាយខ្ញុំមួយកន្លែង និងដីចំនួន២កន្លែង ដើម្បីបានប្រាក់ខ្លះចេញទៅព្យាបាលនៅប្រទេសថៃ។ រយៈពេលនៃការឈឺនេះ គឺខាងសមាគមសិល្បករខ្មែរ ក៏បានជួយជាថវិកាចំនួន២០០ដុល្លារ ដើម្បសម្រួលការព្យាបាលរបស់ខ្ញុំ។ ខ្ញុំឈឺរយៈពេល១១ថ្ងៃមកហើយ តែទៅពេទ្យច្រើនហើយ តែលទ្ធផលមិនសូវទទួលយកបាន..! ខ្ញុំប្រកាសលក់ហាង និងដីបែបនេះ គឺកុំឲ្យគេនិយាយថា អ្នកសិល្បៈឲ្យតែធ្លាក់ខ្លួនឈឺ គឺលើកដៃសុំការជួយពីមហាជន.. ខ្ញុំសុខចិត្តលក់របស់ទ្រព្យ ដើម្បីកុំឲ្យមានការរិះគន់..»

យ៉ាងណាមិញ លោក ជុន សុធី ក៏បានប្រកាសអំពាវនាវដល់ថ្នាក់ដឹកនាំរបស់លោក ឲ្យជួយដល់ខ្លួនដែលកំពុងជួបប្រទះការលំបាកនេះ ខណៈដែលកន្លងមកលោកធ្លាប់ធ្វើបទចម្រៀងជាច្រើនបទ ជាពិសេសគឺក្រុមការងារជាទាហាន។ លោកថា រូបលោកជាអ្នកធ្វើបទចម្រៀង ជូនដល់ថ្នាក់ដឹកនាំ ដោយបទនោះមានចំណងជើងថា «ដឹងគុណស្ថាបនិកមគ្គុទេសនយោបាយឈ្នះឈ្នះ» ជូនដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កន្លងមកដែរ ខណៈមានបទចម្រៀងជាច្រើនទៀត ដែលលោកបាននិពន្ធ និងធ្វើបទភ្លេងជូនជាហូរហែ។

ជាចុងក្រោយលោក ជុន សុធី បានបញ្ជាក់ថា ប្រសិនបើមានអតិថិជនណា ចាប់អារម្មណ៍ដល់ការប្រកាសលក់ហាងអាហារ និងដីរបស់លោកនៅពេលនេះ អាចធ្វើការទំនាក់ទំនងមករូបលោកផ្ទាល់ តាមរយៈលេខទូរស័ព្ទ ០១២ ៦៩ ២០ ៦៦ ដើម្បីជ្រាបច្បាស់ពីព័ត៌មានលំអិតបន្ថែមទៀត៕