(បរទេស)៖ ទីផ្សារកុំព្យូទ័រនៅក្នុងប្រទេសឥណ្ឌានៅក្នុងត្រីមាសទី៣ បានក្លាយជាត្រីមាសដ៏ល្អបំផុត ដែលមិនធ្លាប់មានមួយនឹងតួលេខនៃការលក់សរុបបានចំនួន ៤,៥លានគ្រឿង និងបានកើនឡើង ៣០ភាគរយ បើប្រៀបធៀបទៅនឹងត្រីមាសទី៣ កាលពីឆ្នាំមុន ហើយទោះបីជាមានការខ្វះខាតបន្ទះឈីបជាបន្តបន្ទាប់ក៏ដោយ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៩មក ទីផ្សារកុំព្យូទ័រនៅក្នុងប្រទេសឥណ្ឌាបានធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែនៅត្រីមាសទី៣ឆ្នាំ ២០២១នេះ វាបានហក់ឡើងយ៉ាងខ្លាំង ខណ:ដែលពិភពលោកទាំងមូលកំពុងតែជួបវិបត្តិកូវីដ១៩ និងកង្វះខាតបន្ទះឈីប។

នៅក្នុងត្រីមាសទី៣កន្លងទៅនេះ កុំព្យូទ័រប្រភេទ Notebooks ជាអ្នកបំបែកកំណត់ត្រា ដោយលក់បាន ៣,៦លានគ្រឿង និងបានកើនឡើង ២៨ភាគរយ បើធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០២០ ខណ:ដែលកុំព្យូទ័រប្រភេទ Workstations បានកើនឡើងរហូតដល់ ១៤៦ភាគរយ បើទៅនឹងឆ្នាំកន្លងទៅ។

ចំពោះក្រុមហ៊ុនដែលលក់កុំព្យូទ័របានច្រើនជាងគេនោះគឺក្រុមហ៊ុន HP ដែលបានឈរនៅលេខរៀងទី១ និងក្រុមហ៊ុន Dell បានឈរនៅលេខ រៀងទី២ ។

យោងតាមការប៉ាន់ប្រមាណរបស់ស្ថាប័នវិភាគទិន្នន័យ IDC បានបញ្ជាក់ថា នៅត្រីមាសចុងឆ្នាំនេះ តម្រូវការកុំព្យូទ័រនៅក្នុងប្រទេសឥណ្ឌានៅតែ បន្តកើនឡើងខ្ពស់ដដែល ដោយសារតែ ក្រុមហ៊ុនភាគច្រើនប្រកាសឱ្យបុគ្គលិកចូលបម្រើការងារ នៅការិយាល័យវិញ និងមួយទៀតវាជារដូវលក់ទំនិញបញ្ចុះតម្លៃចុងឆ្នាំទៀតផង៕