(ម៉ូនិច)៖ ការប្រជែង ៣ពិន្ទុក្នុងលីគអាល្លឺម៉ង់ Bundesliga 2021-22 ក្លិប Augsburg បានយកឈ្នះគូប្រជែង Bayern Munich ក្នុងលទ្ធផល ២-១ ជាលើកដំបូង ក្រោយរយៈពេល ៦ឆ្នាំយ៉ាងអស្ចារ្យ ដែលធ្វើឲ្យក្រុមដឹកនាំដោយលោក Markus Weinzierl រំកិលឡើងមកឈរលខរៀងទី១៥ ផុតពីតំបន់កាត់ចោល ដោយរកបាន ១២ពិន្ទុបណ្តោះអាសន្ន ក្រោយឆ្លងកាត់ប្រកួតសប្តាហ៍ទី១២។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។

លទ្ធផលឈ្នះ ២-១ នេះដែរគឺបានកើតឡើងត្រឹមវគ្គទី១ ប៉ុណ្ណោះដោយ Augsburg ធ្វើបានដោយកីឡាករ Mads Pedersen និង Andre Hahn ហើយក្រុមដឹកនាំដោយលោក Julian Nagelsmann រកបានតាមពីក្រោយតែ ១គ្រាប់ប៉ុណ្ណោះ ដោយការស៊ុតបានសម្រេចរបស់ Robert Lewandowski ដែលធ្វើឲ្យក្រុមកំពូលតារាងមួយនេះមាន ២៨ពិន្ទុ និងនាំមុខ ២ពិន្ទុពីលើក្រុមលេខ២ Borussia Dortmund ដែលរកបាន ២៤ពិន្ទុបណ្តោះអាសន្ន។

តាមរយៈលទ្ធផលនេះដែរ បានបញ្ចប់ការឈ្នះ ៤ប្រកួតជាប់គ្នារបស់ Bayern Munich ក្នុងលីគ ហើយនេះជាការបង្ហាញខ្លួនលើកទី៦០០ របស់ខ្សែប្រយុទ្ធ Thomas Muller ជាមួយក្លិបរហ្សនាម (ខ្លារខិន) ខណៈប្រកួតបន្ទាប់ត្រូវប៉ះ FC Dynamo Kiev នៅពាន UEFA Champions League ក្នុងពូល E ហើយក្រុម Augsburg ត្រូវប៉ះ Hertha Berlin នៅសប្តាហ៍ក្រោយនេះ៕