(អាមេរិក)៖ ក្រុមហ៊ុន Visa បានបង្ហាញពីក្ដីរំពឹងថា ខ្លួននឹងដោះស្រាយវិវាទថ្លៃសេវាកាតឥណទាន ជាមួយនឹងក្រុមហ៊ុនលក់ទំនិញយក្ស Amazon នៅក្នុងប្រទេសអង់គ្លេស ហើយសង្ឃឹមថានឹងបន្តការងារភាពជាដៃគូលើការផ្ដល់ប័ណ្ណឥណទាន ជាមួយនឹងក្រុមហ៊ុន អាមេរិក មួយ នេះ ទៀតសម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក Vasant Prabhu ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Visa បានបញ្ជាក់ថា «យើងបានដោះស្រាយរឿងទាំងនេះកាលពីអតីតកាល ហើយយើងជឿជាក់ថាក៏អាចដោះស្រាយវាបាននៅអនាគតផងដែរ។ យើងមានក្ដីរំពឹងមួយថា យើងនឹងមានដំណោះស្រាយមួយដ៏ល្អ ដើម្បី កុំឱ្យអ្នកប្រើប្រាស់នៅចក្រភពអង់គ្លេសរងផលប៉ះពាល់»

ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សលំដាប់ពិភពលោក Amazon កាលពីប៉ុន្មានថ្ងៃមុននេះ បានឱ្យដឹងថា ខ្លួនកំពុងពិចារណាក្នុងការផ្ដាច់ទំនាក់ទំនងភាពជាដៃគូលើប័ណ្ណឥណទានជាមួយនឹងក្រុមហ៊ុន Visa នៅសហរដ្ឋអាមេរិក បន្ទាប់ពីបានប្រកាសជាផ្លូវការថាឈប់ទទួលយកប័ណ្ណឥណទាន Visa នៅចក្រភពអង់គ្លេស ដោយសារតែជម្លោះលើការទូទាត់ប្រាក់កាន់តែរីកធំទៅៗ។

នៅក្នុងសេចក្ដីថ្លែងការរបស់ក្រុមហ៊ុន Amazon បានបញ្ជាក់ឱ្យដឹងថា មូលហេតុដែលខ្លួនបានពិចារណាក្នុងការឈប់សហការជាមួយនឹង Visa ដោយសារតែក្រុមហ៊ុនមួយនេះបានគិតថ្លៃសេវាកម្មថ្លៃខ្ពស់ពេក។ «វាគួរតែមានការបន្ថយតម្លៃទៅតាមពេលវេលាជាក់ស្ដែង ព្រោះថា នបច្ចុប្បន្នបច្ចេកវិទ្យាបានរីកចម្រើនខ្លាំង ប៉ុន្តែផ្ទុយទៅវិញ Visa នៅតែបន្តឡើងថ្លៃខ្ពស់ដដែល»។ នេះជាអ្វីដែល Amazon បានបញ្ជាក់។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីចក្រភពអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុប ការកំណត់ថ្លៃសេវាកម្មកាតឥណទានមិនស្ថិតក្រោមការកំណត់ ឬគ្រប់គ្រងដោយ ចក្រភពអង់គ្លេសទៀតនោះទេ ពោលគឺក្រុមហ៊ុនផ្ដល់សេវាកម្មកាតឥណទានមានសិទ្ធិកំណត់ និងតម្លើងថ្លៃសេវាបានដោយខ្លួនឯង៕