(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបង្ហាញសុទិដ្ឋិនិយម ចំពោះការទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ (The 5th Asian Youth Olympic Games 2029) ថា គឺជាឱកាសមាស-ឱកាសប្រាក់ ដើម្បីលើកកម្ពស់សមត្ថភាពយុវជន ពិសេសធនធានកីឡាករ-កីឡាការិនីវ័យក្មេងកម្ពុជា ក្នុងសហគមន៍អន្ដរជាតិ។
ការគូសបញ្ជាក់នេះ មុនពេលប្រតិភូកម្ពុជា ដឹកនាំដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អមដំណើរដោយលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា តំណាងក្រសួងអប់រំ យុវជន និងកីឡា បានដំណើរចេញទៅចូលរួមមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤០ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នៅថ្ងៃទី២០ ខែវិច្ឆិកានេះ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ខាងលើ បានបញ្ជាក់ថា បេសកកម្មនេះ ផ្ដោតលើកម្មវិធី ៣សំខាន់ៗ ទី១-ចូលរួមមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ទី២-ការចុះហត្ថលេខាទទួលធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ The 5th Asian Youth Olympic Games 2029 ដោយលោករដ្ឋមន្ដ្រី ថោង ខុន ក្នុងនាមម្ចាស់រៀបចំព្រឹត្តិការណ៍ និងលោក ឃួង ស្រេង ចុះហត្ថលេខាក្នុងនាមទីក្រុងម្ចាស់ផ្ទះ និងទី៣-ដំណើរទស្សនកិច្ចពិព័រណ៌អន្ដរជាតិ នាទីក្រុងឌូបៃ។
លោក វ៉ាត់ ចំរើន បន្ដថា «នេះជាកំណត់ត្រាប្រវត្តិសាស្ដ្រថ្មីមួយ ដែលយើងមានមោទនភាព ក្នុងការទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណអូឡាំពិកយុវជនអាស៊ី ដោយសារយើងរស់ក្នុងសន្ដិភាពពេញលេញ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ដូច្នេះជាចក្ខុវិស័យមួយ ដែលធ្វើឲ្យការអភិវឌ្ឍវិស័យកីឡាជាតិយើងមាននិរន្ដរភាព ហើយជាកាលានុវត្តភាពថ្មីមួយទៀត ដើម្បីប្រមូលបាននូវការគាំទ្រពីអន្ដរជាតិផង និងចូលរួមចំណែកក្នុងការកសាងសង់អភិវឌ្ឍសង្គមផង»។
លោកបន្ដថា «អនាគតនៃកម្ពុជា គឺអនាគតនៃយុវជន អ៊ីចឹងការទទួលធ្វើម្ចាស់ផ្ទះការប្រកួតអូឡាំពិកយុវជនអាស៊ីនេះ គឺកម្រិតពី ១៥ ទៅ ១៧ឆ្នាំ ដែលអ្នកជំនាញលើពិភពលោកវាយតម្លៃជារួមថា ទោះបីកីឡាអូឡាំពិកធំៗ ក៏ចេញពីយុវជននេះដែរ។ នេះជាសក្ខីភាពនៃការផ្ដល់ឲ្យនូវឱកាសមាស-ឱកាសប្រាក់ សម្រាប់លើកកម្ពស់សមត្ថភាពយុវជន កីឡាករ-កីឡាការិនីវ័យក្មេងរបស់យើង ជាពិសេសលើកកម្ពស់សមត្ថភាព នៃការចូលរួមចំណែកក្នុងសហគមន៍អន្ដរជាតិ តាមរយៈការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីនៅកម្ពុជា»។
គួរបញ្ជាក់ថា ដំណើរឆ្ពោះទៅចុះហត្ថលេខាទទួលធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ The 5th Asian Youth Olympic Games 2029 ជាផ្លូវការ នៅប្រទេសកម្ពុជា នាទីក្រុងឌូបៃ របស់ប្រតិភូកម្ពុជា ដែលដឹកនាំដោយលោកបណ្ឌិត ថោង ខុន និងលោក ឃួង ស្រេង នេះ ធ្វើឡើងក្រោយមានការអនុញ្ញាត និងគាំទ្រពីរាជរដ្ឋាភិបាល ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ហើយក៏ទទួលបានការអបអរសាទរពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ផងដែរ៕