(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា សហការជាមួយវិស័យឯកជន បានប្រារព្វពិធីក្រុងពលីបួងសួងទៅតាមប្រពៃណីសាសនា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីធ្វើការជួសជុលព្រះពុទ្ធបដិមាចំនួន៣អង្គនៅរួតបាកាណប្រាសាទអង្គរវត្ត ហើយក្នុងដំណើរការជួសជុលនេះមិនប៉ះពាល់ការទស្សនារបស់ភ្ញៀវទេសចរនោះទេ។

លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ព្រះពុទ្ធបដិមាចំនួន៣អង្គនៅរួតបាកាណនៃប្រាសាទអង្គរវត្តនេះបានខូចខាតទ្រុឌទ្រោម ដោយកត្តាធម្មជាតិ ទីកន្លែងមានជ្រាបទឹក ទឹកហូរច្រោះ ដោយសារទឹកនោម និងលាមកសត្វប្រចៀវ ធ្វើឱ្យព្រះពុទ្ធបដិមាពុកផុយ ទើបត្រូវធ្វើការជួសជុលឡើងវិញ បន្ទាប់ពីអាជ្ញាធរជាតិអប្សរា បានទទួលការឧបត្ថម្ភថវិកាសម្រាប់ជួសជុលពីសប្បុរសជនជាជនជាតិខ្មែរ។

លោកបានបន្តថា ក្រៅពីព្រះពុទ្ធបដិមានេះ អាជ្ញាធរក៏នឹងជួសជុលស៊ុមទ្រ ស៊ុមបង្អួចវត្ថុសិល្បៈផ្សេងៗ ដែលនៅក្នុងបរិវេណរួតបាកាណនេះមួយចំនួនផងដែរ ដោយដំណើរការជួសជុលគ្រោងចំណាយពេលវេលាប្រមាណ៥ខែ ទើបរួចរាល់។

សូមជម្រាបថា បរិវេណរួតបាកាណ ជាទីសក្ការរបស់ប្រជាពលរដ្ឋខ្មែរ ដែលតែងតែគោរពបូជានៅពេលមកដល់ប្រាសាទអង្គរវត្ត ហើយក្នុងដំណើរការជួសជុលនេះមិនប៉ះពាល់ការទស្សនារបស់ភ្ញៀវទេសចរនោះទេ ដូច្នេះមិនមានការបិទ ឬផ្អាកការឡើងទៅទស្សនា ឬការធ្វើពិធីបួងសួងរបស់ប្រជាពលរដ្ឋឡើយ។

កាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ អ្នកជំនាញអភិរក្សចម្លាក់នៃអាជ្ញាធរជាតិអប្សរា ក៏បានជួសជុលរួចរាល់ជាស្ថាពរនូវព្រះពុទ្ធបដិមាមួយអង្គនៅទិសខាងត្បូងនៃរួតបាកាណ ដែលមានការខូចខាតទ្រុឌទ្រោម៕