(ភ្នំពេញ)៖ Penicillin (ប៉េនីស៉ីលីន) គឺជាអម្បូរអង់ទីប៊ីយោទិកមួយ ដែលប្រើសម្រាប់ព្យាបាលរោគជាក់លាក់ជាច្រើនមុខ រួមទាំងការពារមិនឱ្យបង្កខ្ទុះផងដែរ។ ថ្នាំប្រភេទនេះមានសារសំខាន់ខ្លាំងណាស់ ដែលវាទើបតែត្រូវបានផលិតឡើងនៅសម័យក្រោយៗនេះទេ។

នៅឆ្នាំគ្រិស្ដសករាជ ១៩២៨ ថ្នាំ Penicillin ត្រូវបានគេស្គាល់កាន់តែច្បាស់ដោយស្នាដៃរបស់លោក អាឡិចសាន់ឌ័រ ហ្វ្លេមិង (Alexander Fleming) ដែលជាសាស្ត្រាចារ្យវេជ្ជសាស្ត្រជនជាតិស្កុតម្នាក់ (Scottish)។ ប៉ុន្តែលោកមិនមែនជាអ្នករកឃើញថ្នាំនេះមុនគេបង្អស់នោះឡើយ។

* តើអ្នកដឹងទេថា អ្នកណាជាអ្នករកឃើញការផលិតថ្នាំ Penicillin មុនគេ?

កុលសម្ពន្ធបេឌន់ (Bedouin) ដែលប្រកាន់ទំនៀមសាសនាបែបអារ៉ាប់នៅភាគខាងជើងទ្វីបអាហ្វ្រិក បានយកមេរោគម្យ៉ាងបានពីក្រមួនឃ្មុំប្រើសម្រាប់ព្យាបាលរបួសអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។

នៅឆ្នាំគ្រិស្ដសករាជ ១៨៩៧ មានពេទ្យទាហានជនជាតិបារាំងម្នាក់ឈ្មោះ អឺរនេស្ត ឌូសេន (Ernest Duchesne) បានរកឃើញវិធីនេះម្តងទៀត ក្នុងពេលរូបគេសង្កេតឃើញវិធីម្យ៉ាងពីក្មេងៗចិញ្ចឹមសេះជនជាតិអារ៉ាប់ ដែលក្មេងទាំងនោះបានកៀរយកមេរោគពីកែបសេះស្រស់ៗមកព្យាបាលរបួសរបស់ពួកវា។ គ្រូពេទ្យអឺរនេស្តបានស្រាវជ្រាវយ៉ាងលម្អិតរហូតបង្ហាញថា មេរោគនោះ គឺប៉េនីស៊ីលីយ៉ូម ក្លូកាំ (Penicillium glaucum) ហើយក៏យកវាមកពិសោធន៍ការព្យាបាលលើសត្វកណ្តូបសំពៅ និងរង់ចាំសង្កេតមើលពីអានុភាពរបស់វាក្នុងការសម្លាប់បាក់តេរីអឺខូលី (E.coli)។ ការពិសោធន៍នេះគេចាត់ទុកថាជាលើកដំបូងហើយទៅលើអ្វីដែលពេលក្រោយមកគេហៅថា «ប៉េនីស៊ីលីន» នោះ។ ក្រោយមក នៅឆ្នាំ១៩១២ អឺនេសស៍ ដូសេសនី ក៏ទៅធ្វើជាទាហាន ហើយបានស្លាប់យ៉ាងអាណោចអាធ័មដោយសារជំងឺឆ្លង។ ក្រោយមក ជំងឺឆ្លងដែលធ្វើឱ្យគាត់ស្លាប់នោះ គឺអាចព្យាបាលជាបានតាមការស្រាវជ្រាវរបស់គាត់នោះឯង។

នៅឆ្នាំគ្រិស្ដសករាជ ១៩២៨ ថ្នាំ Penicillin ត្រូវបានគេស្គាល់កាន់តែច្បាស់តាមរយៈលោក អាឡិចសាន់ឌ័រ ហ្វ្លេមិង ដែលលោកបានស្រាវជ្រាវតាមពីក្រោយ អឺនេសស៍ ដូសេសនី។ ក្នុងឆ្នាំ១៩៤៩ អាឡិចសាន់ឌ័រ ហ្វ្លេមីង បានធ្វើឱ្យថ្នាំ Penicillin មានគុណសម្បត្តិក្នុងការសម្លាប់មេរោគ ហើយក៏បានទទួលពានរង្វាន់ណូបែលពីស្នាដៃរកឃើញថ្មីនេះ។ ពេលនោះហើយដែល អឺនេសស៍ ដូសេសនី ទទួលបានការលើកតម្កើងកិត្តិយសជាផ្លូវការ ព្រោះតែការរកឃើញ Penicillin ដំបូងគេ ខណៈដែលគាត់បានស្លាប់ក្នុងសមរភូមិបាត់ទៅហើយ។

សូមជម្រាបថា ពាក្យ Penicillin នេះ ត្រូវបាន អាឡិចសាន់ឌ័រ ហ្វ្លេមីង បង្កើតឡើងនៅឆ្នាំ១៩២៩ ហើយក៏បន្តប្រើរហូតមកដល់ពេលបច្ចុប្បន្ន៕