(មែនឆេស្ទើ)៖ Manchester United ត្រូវបានរាយការណ៍ជាច្រើនបង្ហាញថា នឹងបញ្ចប់តួនាទីលោក Ole Gunnar Solskjaer ចេញពីតំណែងអ្នកចាត់ការក្លិបក្នុងពេលឆាប់ៗនេះ បន្ទាប់ពីដឹកនាំការប្រកួតមិនបានល្អ ខណៈមានរបាយការណ៍ថា លោក Zinedine Zidane បានក្លាយជាជម្រើសល្អជាងគេទី១ សម្រាប់មកដឹកនាំក្រុមបន្ត។ នេះបើតាម Dailymail ចេញផ្សាយនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងចំណោម ១២ប្រកួតរដូវកាលថ្មីនៃលីគអង់គ្លេស Premier League 2021-22 លោក Ole ដឹកនាំក្រុមឈ្នះ ៥ប្រកួត និងស្មើ ២ដងជាមួយការចាញ់ ៥ដង ធ្វើឲ្យក្រុមរហ្សនាមបិសាចក្រហមមួយនេះឈរត្រឹមលេខ៧ ក្នុងតារាងមាន ១៧ពិន្ទុ ហើយការប្រកួតសប្តាហ៍ទី១២ បានចាញ់ម្ចាស់ផ្ទះ Watford ៤-១ ក៏មានកិច្ចប្រជុំជាបន្ទាន់ ក្នុងការសម្រេចចិត្តបណ្តេញលោក Ole ដែរ។

គួររំលឹកផងថា លោក Ole ជាអតីតកីឡាករឆ្នើមប្រចាំក្លិប Manchester United អំឡុងឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០៧ ហើយបានចូលមកកាន់តំណែងជាអ្នកចាត់ក្រុមនៅឆ្នាំ២០១៨ បន្ទាប់ធ្លាប់ធ្វើជាគ្រូជំនួយបម្រុងកាលឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ និងដឹកនាំក្រុមបានត្រឹមរងជើងឯក UEFA Europa League 2020-21 ទៀតផង។

អតីតកីឡាករឆ្នើម លោក Darren Fletcher នឹងចូលជំនួសដឹកនាំការប្រកួតបន្ទាប់ ដែលត្រូវប៉ះ Villarreal និង Chelsea ក្នុងការសម្រេចរបស់ក្រុមប្រឹក្សាភិបាលក្លិប មិនទាន់រកបានអ្នកចាត់ការពេញសិទ្ធិដែលមានអតីតគ្រូជោគជ័យរបស់ Real Madrid និងលោក Brendan Rodgers ដែលកំពុងដឹកនាំក្រុម Leicester City ស្ថិតក្នុងបញ្ជីផងនោះ៕