(បាសេឡូណា)៖ ក្លិបលេងនៅលីគកំពូលអេស្ប៉ាញ FC Barcelona បានបន្តចេញមកទាត់ចោលព័ត៌មានថា Sergio Aguero សម្រេចចិត្តចូលនិវត្តន៍ ដោយសារតែមានបញ្ហាបេះដូងធ្ងន់ធ្ងរ ដែលនេះជាព័ត៌មានមិនពិតជាលើកទី២ នៅលើបណ្តាញសង្គម។ នេះបើតាមការផ្សាយដោយ Eurosport នៅថ្អៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន វ័យ ៣៣ឆ្នាំ ត្រូវបានបង្ខំចិត្តនាំចេញពីទីលានប្រកួត ក្នុងនាទី៤២ និងត្រូវបាននាំទៅមន្ទីរពេទ្យ ដោយសារបញ្ហាពិបាកក្នុងការដកដង្ហើម ខណៈក្លិប Barcelona បានត្រឹមស្មើ Alaves ក្នុងលទ្ធផល ១ទល់នឹង១។

Barcelona បានចេញសេចក្តីប្រកាសព័ត៌មាន ក្រោយហេតុការណ៍នោះថា Sergio Aguero បានឆ្លងកាត់ការវិនិច្ឆ័យរោគសញ្ញា និងព្យាបាលដោយវេជ្ជបណ្ឌិត Josep Brugada ។ គាត់ត្រូវខកខានការប្រកួត ៣ខែខាងមុខនេះ ដើម្បីព្យាបាល និងវាយតម្លៃស្ថានភាពជំងឺ។ នេះមានន័យថា Barcelona ត្រូវរង់ចាំទាល់តែដាច់ខែមករា ឆ្នាំ២០២២ មុនការសម្រេចពីអនាគតរបស់គាត់។

ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមនឹងការចូលនិវត្តវិញ លោក Rafa Yuste អនុប្រធានក្លិប Barcelona បានបញ្ជាក់ប្រាប់ Movistar នៅថ្ងៃសៅរ៍នេះយ៉ាងដូច្នេះថា «ខ្ញុំសូមបដិសេធចំពោះព័ត៌មានទាំងនោះ ខណៈដែល Aguero ត្រូវបន្តតាមដានរយៈពេល ៣ខែទៀត ដើម្បីកំណត់ថា គាត់នឹងបន្តអាជីពនេះ ឬអត់»

សូមជម្រាបថា អតីតខ្សែប្រយុទ្ធក្លិបអង់គ្លេស Manchester City ទើបតែបង្ហាញខ្លួនបាន ២ប្រកួតជាមួយក្លិបថ្មី Barcelona ក្រោយពេលមានបញ្ហារបួសយ៉ាងយូរ ក្រោយពេលចប់កិច្ចសន្យានៅ Etihad៕