(ចិន)៖ និយតករទីផ្សាររបស់ប្រទេសចិន បានពិន័យក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកធំៗជាច្រើនរួមទាំង Alibaba, Baidu និង JD.com សម្រាប់ការខកខានក្នុងការប្រកាសបង្ហាញលម្អិតពីកិច្ចព្រមព្រៀងទិញលក់ចំនួន៤៣ ដែលមានចាប់តាំងពីឆ្នាំ២០១២មកដល់ពេលបច្ចុប្បន្ន ទៅដល់អាជ្ញាធរ ដើម្បីត្រួតពិនិត្យមើលថាតើបានរំលោភលើច្បាប់ប្រឆាំងការផ្តាច់មុខដែរ ឬអត់។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុនដែលពាក់ព័ន្ធនឹងករណីនេះនឹងត្រូវពិន័យជាប្រាក់ចំនួន ៥០០,០០០យន់ (ប្រហែលនឹង ៧៨,០០០ដុល្លារអាមេរិក) ក្នុងមួយក្រុមហ៊ុនៗ ដែលទំហំទឹកប្រាក់នៃការពិន័យនេះវាស្ថិតក្រោមច្បាប់ប្រឆាំងការផ្តាច់មុខចេញកាលពីឆ្នាំ ២០០៨ របស់ប្រទេសចិន។

និយ័តករចិនបានបញ្ជាក់ថា នៅឆ្នាំ២០១២ ក្រុមហ៊ុន Baidu បានទិញក្រុមហ៊ុនតូចៗមួយចំនួន និងមិនបានបង្ហាញព័ត៌មានអំពីការទិញលក់នោះទេ ហើយនៅឆ្នាំ២០២១ ក្រុមហ៊ុន Baidu និងក្រុមហ៊ុនផលិតរថយន្តចិន Zhejiang Geely Holdings បានសហការគ្នាដើម្បីបង្កើតក្រុមហ៊ុនរថយន្តថ្មី ក៏មិនបានបង្ហាញរបាយការណ៍លម្អិតផងដែរ។

ចំណែកក្រុមហ៊ុន Alibaba ក្នុងឆ្នាំ ២០១៤ បានទិញយកក្រុមហ៊ុនផែនទី AutoNavi និងនៅឆ្នាំ២០១៨ បានទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន Ele.me ចំនួន ៤៤ភាគរយ ដើម្បីក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុនផ្ដល់សេវាកម្មចែកចាយអាហារមួយនេះ។

នៅមានកិច្ចព្រមព្រៀងជាច្រើនទៀតដែលសរុបចំនួន ៤៣ ពាក់ព័ន្ធនឹង Alibaba, Baidu និង JD.com ដែលមិនបានបង្ហាញដល់ អាជ្ញាធរ ដើម្បីត្រួតពិនិត្យ។

គួរបញ្ជាក់ផងដែរថា ចិនបាននិងកំពុងតែរឹតបន្តឹងក្នុងការក្ដោបក្តាប់លើវេទិកាអ៊ីនធឺណិត ជាពិសេសគឺក្រុមហ៊ុនបច្ចេកវិទ្យាធំៗក្នុងស្រុក ដែលសកម្មភាពថ្មីនេះ មិនធ្លាប់មានពីមុនមក និងបានលើកឡើងពីហានិភ័យនៃការរំលោភបំពានដោយប្រើប្រាស់អំណាចទីផ្សារដើម្បីរារាំងការប្រកួតប្រជែង ការប្រើប្រាស់ទិន្នន័យអ្នកប្រើប្រាស់ខុសច្បាប់ និងការរំលោភសិទ្ធិអ្នកប្រើប្រាស់៕