(ភ្នំពេញ)៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន ទើបតែឈ្នះពានរង្វាន់លីគកំពូលកម្ពុជា នៅរដូវកាលឆ្នាំ២០២១ នេះ ដែលទើបតែបញ្ចប់នាពេលថ្មីៗ។ ក្នុងនោះ ខ្សែប្រយុទ្ធវ័យក្មេង លឹម ពិសុទ្ធ បានបង្ហាញមោទនភាពយ៉ាងខ្លាំងក្នុងការឈ្នះពាននេះ ក្នុងនាមជាកីឡាករវ័យក្មេងដែលបានលេងជាមួយឈុតធំរបស់ក្លិប។

កីឡាករជម្រើសជាតិកម្ពុជារូបនេះបានបង្ហោះសារលើហ្វេសប៊ុក នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ យ៉ាងដូច្នេះថា «ភាពជោគជ័យលើកដំបូងជាមួយនឹងក្រុមឈុតធំ ដែលជាការចងចាំដ៏ល្អ។ រយៈពេល ១១ឆ្នាំ ដែលខ្ញុំជ្រកកោន និងអភិវឌ្ឍខ្លួនទាំងការសិក្សា និងហ្វឹកហាត់នៅទីនេះ ថ្ងៃនេះខ្ញុំធ្វើបានហើយ»

ភ្នំពេញក្រោន បានក្លាយជាជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២១ និងជាលើកទី៧ ក្នុងប្រវត្តិសាស្ដ្ររបស់ក្លិបផងដែរ បន្ទាប់ពីយកឈ្នះក្រុមភ្ញៀវបឹងកេត ដោយលទ្ធផល ១-០ ក្រោយបញ្ចប់ការប្រកួតបិទរដូវកាល នាល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។

៧លើក ដែលភ្នំពេញក្រោន បានលើកពានលីគកំពូលកម្ពុជា គឺនៅឆ្នាំ២០០២, ២០០៨, ២០១០, ២០១១, ២០១៤, ២០១៥ និងឆ្នាំ២០២១ ក្លាយជាក្លិបជោគជ័យជាងគេ ស្របពេលបឹងកេត ធ្លាប់លើកពាន ៤លើកប៉ុណ្ណោះកាលឆ្នាំ២០១២, ២០១៦, ២០១៧ និងឆ្នាំ២០២០ ខណៈណាហ្គាវើលដ៏ ធ្លាប់លើកពានបាន ៣ដង កាលពីឆ្នាំ២០០៧, ២០០៩ និងឆ្នាំ២០១៨៕