(ភ្នំពេញ)៖ ជារៀងរាល់ពេលបុណ្យជាតិ និងព្រឹត្ដិការណ៍ជាតិធំៗ យើងសង្កេតឃើញថាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់តែងតែឡាយព្រះហត្ថលេខាលើព្រះរាជក្រឹត្យ ដើម្បីព្រះរាជទានផ្ដល់នូវការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតដែលជាប់ក្នុងពន្ធនាគារ ដើម្បីឱ្យពួកគាត់បានរួចផុតរយៈពេលនៃការអនុវត្ដទោសពន្ធនាគារមកតិចជាងមុន ឬឱ្យរួចផុតពីទោសដាក់ពន្ធនាគារ ដោយត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញជាអាទិ៍។ ព្រះរាជទានរបស់ព្រះមហាក្សត្រក្នុងការបន្ធូរបន្ថយ និងលើកលែងទោសចំពោះទណ្ឌិតនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើសមាហរណកម្មទណ្ឌិតនោះ ឱ្យចូលទៅរួមរស់នៅក្នុងសង្គមវិញ ឬក្នុងគោលបំណងផ្នែកមនុស្សធម៌។

តើការបន្ធូរបន្ថយទោស និងការលើកលែងទោសអាចត្រូវបានធ្វើឡើងនៅក្នុងបុណ្យជាតិ ឬព្រឹត្ដិការណ៍អ្វីខ្លះ? តើមានលក្ខខណ្ឌ ទម្រង់បែបបទ និងនីតិវិធីយ៉ាងដូចម្ដេច ដើម្បីទទួលបានការបន្ធូរបន្ថយ និងការលើកលែងទោសនេះ?

ដើម្បីឱ្យជ្រាបច្បាស់សម្រាប់សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ការបន្ធូរបន្ថយទោស និងការលើកលែងទោស» មកបកស្រាយ និងចែករំលែកជូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចតទៅ៖

យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ២៧ បានបញ្ញត្ដិថា «ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយ និងលើកលែងទោស»។ ចំពោះលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការបន្ធូរបន្ថយទោស និងការលើកលែងទោសនេះ ត្រូវបានកំណត់នៅក្នុងព្រះរាជក្រឹត្យលេខ នស/រតក/០១២១/០៣០ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ គឺ ការបន្ធូរបន្ថយ និងការលើកលែងទោសចំពោះទណ្ឌិតត្រូវកំណត់អាចស្នើសុំ ៥ (ប្រាំ) ដង ក្នុង ១ (មួយ) ឆ្នាំ ដោយធ្វើឡើងនៅក្នុងឱកាសនៃពិធីបុណ្យជាតិ ឬព្រឹត្ដិការណ៍ធំៗ ដូចជា (១) ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ (២) ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ (៣) ពិធីបុណ្យវិសាខបូជា (៤) ពិធីបុណ្យឯករាជ្យជាតិ និង (៥) ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ ការបន្ធូរបន្ថយ និងការលើកលែងទោស ក៏អាចធ្វើបានដែរក្នុងពិធីបុណ្យ ឬព្រឹត្ដិការណ៍ធំៗរបស់ជាតិ ហើយអាចធ្វើសម្រាប់ពិធីបុណ្យនីមួយៗខាងលើដោយដាច់ដោយឡែក ឬរួមគ្នា។

១៖ សម្រាប់លក្ខខណ្ឌនៃការទទួលបានការបន្ធូរបន្ថយ និងលើកលែងទោស

ទណ្ឌិតដែលអាចនឹងត្រូវបានបន្ធូរបន្ថយ និងលើកលែងទោសត្រូវបំពេញនូវលក្ខខណ្ឌមួយចំនួនដូចជា៖

* ទណ្ឌិតទាំងអស់ដែលត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារដោយសាលក្រម ឬសាលដីកាស្ថាពររបស់តុលាការនៃព្រះរាជាណាចក្រកម្ពុជា ឬត្រូវបានបញ្ជូនមកអនុវត្ដទោសនៅព្រះរាជាណាចក្រកម្ពុជា។

* ភ្ញាក់រលឹកខិតខំកែប្រែគំនិតមារយាទឱ្យក្លាយជាពលរដ្ឋសុចរិត ដើម្បីធ្វើសមាហរណកម្មចូលរួមរស់នៅក្នុងសង្គមវិញ។

* គោរពប្រតិបត្ដិយ៉ាងហ្មត់ចត់ និងត្រឹមត្រូវ តាមបទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារ និងជាគំរូល្អដល់ទណ្ឌិត និងជនជាប់ឃុំដទៃទៀត។

* ចូលរួមអនុវត្ដយ៉ាងសកម្ម និងទៀងទាត់នូវកម្មវិធីអប់រំកែប្រែ កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកម្មវិធីសមាហរណកម្ម។

* គោរពប្រតិបត្ដិយ៉ាងហ្មត់ចត់ និងត្រឹមត្រូវតាមសេចក្ដីណែនាំផ្សេងទៀតរបស់ពន្ធនាគារ។

លើសពីនេះទៅទៀត ការបន្ធូរបន្ថយទោស និងការលើកលែងទោស អាចអនុវត្ដផងដែរ ក្នុងហេតុផលមនុស្សធម៌ចំពោះទណ្ឌិតដែលមានវ័យចាស់ជរា ជាស្រ្ដីមានគភ៌ ឬមានជំងឺរ៉ាំរៃធ្ងន់ធ្ងរ វិបល្លាសស្មារតី ឬពិការភាពដោយមានលិខិតបញ្ជាក់ពីគ្រូពេទ្យ ដែលទទួលស្គាល់ដោយក្រសួងមានសមត្ថកិច្ច។ ប្រធានពន្ធនាគារ ត្រូវធ្វើការបញ្ជាក់អំពីការបំពេញលក្ខខណ្ឌតាមស្ថានភាពនីមួយៗរបស់ទណ្ឌិតដូចមានចែងក្នុងកថាខណ្ឌខាងលើ ដើម្បីរៀបចំបញ្ជីឈ្មោះ
ទណ្ឌិតដែលត្រូវស្នើសុំទៅគណៈកម្មការរាជធានី ខេត្ដ និងគណៈកម្មការក្រសួងមហាផ្ទៃ។

ក៏ប៉ុន្ដែ ទោះបីជាទណ្ឌិតដែលបានបំពេញលក្ខខណ្ឌខាងលើក៏ដោយ ដើម្បីអាចទទួលការបន្ធូរបន្ថយទោសបាន លុះត្រាតែទណ្ឌិតនោះបានទទួលរងទោស ១/៣ (មួយភាគបី) នៃទោសដាក់ពន្ធនាគារដែលតុលាការបានកំណត់ ហើយចំពោះទោសដាក់ពន្ធនាគារមួយជីវិត ទណ្ឌិតត្រូវទទួលរងទោស ១០ (ដប់) ឆ្នាំជាមុនសិន។ ដើម្បីអាចលើកលែងទោសបានលុះត្រាតែទណ្ឌិតបានទទួលរងទោសដាក់ពន្ធនាគារ ចំនួន ២/៣ (ពីរភាគបី) នៃទោស ហើយចំពោះទោសដាក់ពន្ធនាគារមួយជីវិត អាចទទួលបានការលើកលែង បើសិនជាទណ្ឌិតនោះ អនុវត្តទោសយ៉ាងតិច ៣០ (សាមសិប) ឆ្នាំ ឬ២០ (ម្ភៃ) ឆ្នាំ ក្នុងទោសករណីដែលមានការបន្ធូរបន្ថយទោស។

២៖ បែបបទ នីតិវិធីនៃការបន្ធូរបន្ថយ និងការលើកលែងទោស

ប្រធានពន្ធនាគារត្រូវរៀបចំបញ្ជីឈ្មោះទណ្ឌិត ដែលមានលក្ខណៈសម្បត្ដិអាចស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស រួមនឹងសំណុំឯកសារពាក់ព័ន្ធ បញ្ជូនមក
គណៈកម្មការរាជធានី ខេត្ដ និងគណៈកម្មការក្រសួងមហាផ្ទៃ ដើម្បីត្រូតពិនិត្យ និងវាយតម្លៃអំពីលក្ខណៈសម្បត្ដិរបស់ទណ្ឌិតម្នាក់ៗ និងរៀបចំបញ្ជីឈ្មោះទណ្ឌិតស្នើសុំ រួមនឹងសំណុំឯកសារពាក់ព័ន្ធ បញ្ជូនទៅគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃយ៉ាងយឺតបំផុត ៣០ (សាមសិប) ថ្ងៃ មុនថ្ងៃកំណត់។ បញ្ជីឈ្មោះទណ្ឌិត ដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស រួមនិងសំណុំឯកសារពាក់ព័ន្ធ ដូចត្រូវកំណត់ដោយគណៈកម្មការថ្នាក់ជាតិ។

ប្រសិនបើទណ្ឌិតដែលយល់ឃើញថា ខ្លួនបានបំពេញលក្ខខណ្ឌក្នុងការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ប៉ុន្ដែមិនត្រូវបានប្រធានពន្ធនាគារស្នើសុំឱ្យខ្លួន សាមីខ្លួន ឬអ្នកតំណាងស្របច្បាប់មានសិទ្ធិបឹ្ដងតវ៉ាទៅគណៈកម្មការថ្នាក់ជាតិ ដោយមានការគាំទ្រពីក្រុមការងារប្រលងប្រណាំងនៅក្នុងពន្ធនាគារ។ ពាក្យបណ្ដឹងតវ៉ានេះត្រូវដាក់នៅគណៈកម្មការថ្នាក់ជាតិដោយផ្ទាល់ ឬតាមរយៈប្រធានពន្ធនាគារ។ បន្ទាប់ពីបានទទួលពាក្យសុំតវ៉ានេះ ប្រធានពន្ធនាគារត្រូវបញ្ជូនពាក្យប្ដឹងនេះ មកគណៈកម្មការថ្នាក់ជាតិ ដោយភ្ជាប់ជាមួយនូវរបាយការណ៍ពាក់ព័ន្ធនឹងការអនុវត្ដទោសរបស់ទណ្ឌិតនោះ។
គណៈកម្មការថ្នាក់ជាតិ ត្រូវប្រជុំពិនិត្យ និងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស និងរៀបចំបែបបទជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចដើម្បីដាក់សំណុំថ្វាយព្រះមហាក្សត្រសុំបន្ធូរបន្ថយ និងលើកលែងទោសឱ្យទណ្ឌិត យ៉ាងយឺតបំផុត ១០ (ដប់) ថ្ងៃ មុនថ្ងៃកំណត់។

៣៖ ការអនុវត្ដព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងការលើកលែងទោស

រដ្ឋមន្រ្ដីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្ដី ត្រូវរៀបចំសំណៅចែកផ្សាយជូនក្រសួងយុត្ដិធម៌ដើម្បីចាត់ចែងអនុវត្ដ ក្រោយពីទទួលបានព្រះរាជក្រឹត្យបន្ធូរបន្ថយ និងលើកលែងទោស។ រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ ត្រូវចាត់បញ្ជូនព្រះរាជក្រឹត្យបន្ធូរបន្ថយ និងលើកលែងទោស ទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីខេត្ដ ដែលមានសមត្ថកិច្ចដើម្បីអនុវត្ដ។ ចំពោះទណ្ឌិតដែលត្រូវបានលើកលែងទោសដោយព្រះរាជក្រឹត្យ នឹងត្រូវដោះលែងឱ្យមានសេរីភាពភ្លាម ដោយប្រធានពន្ធនាគារ បន្ទាប់ពីទទួលបានដីកាបង្គាប់ឱ្យដោះលែងទណ្ឌិត របស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីខេត្ដដែលមានសមត្ថកិច្ច។ ចំពោះទណ្ឌិត ដែលត្រូវបានបន្ធូរបន្ថយទោសដោយព្រះរាជក្រឹត្យ លើកលែងឱ្យទណ្ឌិតនោះរួចផុតពីការអនុវត្ដទោសសម្រាប់រយៈពេលដែលត្រូវបានបន្ធូរបន្ថយ។

ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីខេត្ដដែលមានសមត្ថកិច្ច និងប្រធានពន្ធនាគារត្រូវធ្វើការប្រកាសផ្សាយព្រះរាជក្រឹត្យបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតដែលត្រូវបានបន្ធូរបន្ថយទោស។ ការបន្ធូរបន្ថយ និងលើកលែងទោស មិនមែនជាឧបសគ្គដល់សិទ្ធិរបស់ជនរងគ្រោះ ក្នុងការទទួលសំណងជួសជុលការខូចខាតទេ លើកលែងតែមានបញ្ញត្ដិផ្ទុយនឹងព្រះរាជក្រឹត្យដែលពាក់ព័ន្ធនឹងការបន្ធូរបន្ថយ និងលើកលែងទោសនោះ។

សរុបមកការបន្ធូរបន្ថយ និងការលើកលែងទោស មិនមែនជាសិទ្ធិរបស់ទណ្ឌិតនោះទេ តែគឺជាការពិនិត្យ វាយតម្លៃ និងប្រទានផ្ដល់ឱ្យដោយព្រះមហាក្សត្រស្របតាមរដ្ឋធម្មនុញ្ញ ធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើសមាហរណកម្មទណ្ឌិតនោះឱ្យចូលទៅរួមរស់នៅក្នុងសង្គមវិញ ឬក្នុងគោលបំណងផ្នែកមនុស្សធម៌៕

រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងលោក រ៉ាត់ ចាន់ធី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិឧញ៉ាវាំង (អតីតភូមិបាយ៉ាប) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.