(ភ្នំពេញ)៖ ប្រតិភូកីឡាកម្ពុជា ដែលដឹកនាំដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការចុះហត្ថលេខាទទួលសិទ្ធធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ (The 5th Asian Youth Games 2029) ជាផ្លូវការហើយ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

banner

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងពីទីក្រុង Dubai ថា ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅសណ្ឋាគារ Hilton នាទីក្រុង Dubai ប្រទេសអារ៉ាប់រួម រវាងថ្នាក់ដឹកនាំប្រតិភូកីឡាកម្ពុជា ជាមួយប្រធានស្ដីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដោយលោករដ្ឋមន្ដ្រី ថោង ខុន ក្នុងនាម NOCC បានចុះហត្ថលេខាក្នុងនាមអ្នករៀបចំព្រឹត្តិការណ៍ ខណៈលោក ឃួង ស្រេង បានចុះហត្ថលេខាក្នុងនាមម្ចាស់ផ្ទះ ដែលនឹងរៀបចំនៅរាជធានីភ្នំពេញ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ខាងលើ បន្ដថា «នេះគឺជាមោទនភាពរបស់កម្ពុជា ហើយមោទនភាពនេះ បានមកពីចក្ខុវិស័យ និងការដឹកនាំ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានអនុញ្ញាតឲ្យប្រតិភូកីឡាកម្ពុជា មកចុះហត្ថលេខា និងទទួលសិទ្ធធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ ហើយក៏ជាសំណាងសម្រាប់យុវជនរបស់យើង និងប្រទេសយើង ដែលមានសមត្ថភាពស្មើមុខមាត់លើឆាកអន្ដរជាតិផងដែរ»

ទន្ទឹមជាមួយគ្នា ថ្នាក់ដឹកនាំក្រុមប្រឹក្សាអូឡាំពិកអាស៊ី ចលនាអូឡាំពិកអាស៊ីទាំង ៤៥ប្រទេស សុទ្ធតែបានសម្ដែងការអបអរសាទរ និងកោតសរសើរ ចំពោះសកម្មភាពនៃការអភិវឌ្ឍចលនាកីឡាក្នុងតំបន់ និងទ្វីបអាស៊ីរបស់កម្ពុជា ។ មិនតែប៉ុណ្ណោះ ក៏មានបណ្ដាប្រទេសជាច្រើន បានបើកភ្លើងខៀវជួយដល់កម្ពុជា ក្នុងការរៀបចំ និងធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំទ្វីបអាស៊ី ៥ឆ្នាំម្ដងនេះទៀតផង។ លោក វ៉ាត់ ចំរើន បន្ថែម។

លោកបន្ថែមថា ដើម្បីលើកទឹកចិត្ដល់ប្រទេសកម្ពុជា ដែលបានខិតខំអភិវឌ្ឍវិស័យកីឡា ក៏ដូចជាការត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី បានផ្ដល់នូវគម្រោងសាងសង់មជ្ឈមណ្ឌលសារៈមន្ទីរអូឡាំពិក (Olympic Museum) មួយដល់កម្ពុជា សម្រាប់រក្សានូវសាវតារ និងស្នាដៃកីឡាជាតិ រួមទាំងសកម្មភាពចលនាអូឡាំពិកជូនយុវជន អ្នកស្រាវជ្រាវវិស័យកីឡានៅកម្ពុជា ក៏ដូចជានៅលើពិភពលោកផងដែរ៕