(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup)-ថ្នាក់ជាតិ លើកទី១៥ ឆ្នាំ២០២១ បានឈានដល់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(១/២) នារសៀលថ្ងៃទី២២ ខែវិច្ឆិកានេះហើយ ដោយក្រុមបឹងកេត ត្រូវបើកទ្វារផ្ទះទទួលក្រុមការពារតំណែងជើងឯកវិសាខា ខណៈអតីតក្រុមជើងឯក ៤សម័យកាលព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមទើបគ្រងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២១ ភ្នំពេញក្រោន ។

ដោយសារវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ត្រូវប្រកួតតែ ១ជើង ដើម្បីកំណត់ក្រុមខ្លាំងឡើងវគ្គផ្ដាច់ព្រ័ត្រ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) បានរៀបចំការចាប់ឆ្នោតកំណត់ទឹកដីកណ្ដាល សម្រាប់ការប្រកួតនីមួយៗ ។ ជាលទ្ធផល ក្រុមបឹងកេត បានទទួលសិទ្ធធ្វើម្ចាស់ផ្ទះស្វាគមន៍វិសាខា នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ នាម៉ោង ៣រសៀលនេះ ខណៈក្រុមព្រះខ័នរាជស្វាយរៀង ត្រូវធ្វើម្ចាស់ផ្ទះទទួលក្រុមភ្នំពេញក្រោន នាម៉ោង ៦ល្ងាច នៅកីឡដ្ឋានខេត្តស្វាយរៀង ។

នេះគឺជាជំនួបដ៏ជក់ចិត្ត ដែលអ្នកគាំទ្រកំពុងទន្ទឹងរង់ចាំ បន្ទាប់ពីក្រុមនីមួយៗ បានធ្វើព្យុះភ្លៀងរៀងៗខ្លួន ក្នុងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា កាលពីថ្មីៗ ពិសេសជំនួបសងសឹករវាងបឹងកេត និងវិសាខា ដ្បិតកាលពីរដូវកាលមុន ក្រុមសេះជំទង់វិសាខា បានទម្លាក់ក្រុមនាគខៀវបឹងកេត ត្រឹមវគ្គ ៨ក្រុមចុងក្រោយ ដោយការទាត់បាល់ប៉េណាល់ទី ៤-៣ បន្ទាប់ពីប្រកួតស្មើគ្នាទាំង ២ជើង ពោលគឺជើងទី១ ស្មើគ្នា ១-១ នៅទឹកដីបឹងកេត និងជើងទី២ ស្មើគ្នា ៣-៣ នៅទឹកដីវិសាខា ។

ដោយឡែកព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ក៏ទាមទាឈ្នះរៀងៗខ្លួន ដើម្បីដំណើរឆ្ពោះទៅសាងប្រវត្តិសាស្ដ្រថ្មីក្នុងពានសម្ដេចតេជោនាយករដ្ឋមន្ដ្រីនេះផងដែរ ពិសេសអតីតក្រុមជើងឯក ២សម័យភ្នំពេញក្រោន ដែលខកខានឈ្នះពាននេះអស់ ១១រដូវកាលមកហើយ ។ ជួបគ្នាលើកចុងក្រោយ ក្នុងពានសម្ដេចតេជោ ហ៊ុន សែន ក្រុមព្រះខ័នរាជស្វាយរៀង បានទម្លាក់ភ្នំពេញក្រោន ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយបាល់ប៉េណាល់ទី ៥-៤ ក្រោយប្រកួតពេញម៉ោងស្មើគ្នា ០-០ ។

ចាំមើលរវាងក្រុមខ្លាំងទាំង ៤ តើក្រុមណាខ្លះ នឹងបានឡើងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ ឆ្នាំ២០២១ នេះ? សម្រាប់ក្រុមទទួលបានតំណែកជើងឯកពាននេះ នឹងទទួលបានកៅអីចូលរួមប្រកួតជម្រុះពានរង្វាន់ AFC Cup 2022 តែក្រុមភ្នំពេញក្រោន បានទទួលសិទ្ធចូលរួមប្រកួតពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះរួចហើយ បន្ទាប់ពីពួកគេដណ្ដើមបានជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២១ កាលពីថ្មីៗ៕