(បរទេស)៖ អង្គការ សប្បុរសធម៌ របស់ មហាសេដ្ឋី រ៉ែ អូស្ត្រាលី Andrew Forrest នឹងជួយស្ថាប័នព័ត៌មានតូចៗចំនួន១៨ ក្នុងប្រទេសធ្វើការចរចាជាសមូហភាពជាមួយក្រុមហ៊ុនអាមេរិក Google និង Facebook ដើម្បី ធានាបានកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណសម្រាប់ការផ្គត់ផ្គង់មាតិកាព័ត៌មាន។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា មូលនិធិ Minderoo របស់លោក Andrew Forrest បានដាក់ពាក្យស្នើសុំទៅកាន់គណៈកម្មការប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្ត្រាលី (ACCC) ដើម្បីរៀបចំកិច្ចចរចាមួយរវាងស្ថាប័នព័ត៌មានជាមួយនឹងក្រុមហ៊ុនអាមេរិក Google និង Facebook ដើម្បីធានាថាមិនមានការបំពានច្បាប់ប្រកួតប្រជែង។

តំណាងមូលនិធិ Minderoo បានបញ្ជាក់ថា ស្ថាប័នព័ត៌មានតូចៗក៏ជាអ្នកផលិតព័ត៌មានដែលមានប្រយោជន៍ដល់សាធារណ: និងសម្រាប់សហគមន៍ប្រទេសជាតិផងដែរ ដូច្នេះហើយពួកគេគួរតែទទួលបានឱកាសក្នុងការចរចាជាមួយនឹងក្រុមហ៊ុនយក្សអាមេរិកទាំងពីខាងលើ។

រដ្ឋាភិបាលអូស្ត្រាលីបានទាមទារឱ្យក្រុមហ៊ុន Google និង Facebook ធ្វើការចរចាជាមួយនឹងស្ថាប័នព័ត៌មានក្នុងស្រុក ដើម្បីទទួលបាន មាតិកាយកទៅប្រើតាមផ្លូវច្បាប់ ជាពិសេសគឺក្រុមហ៊ុន Google ត្រូវតែបង្ហាញផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មនៅលើគេហទំព័រសារព័ត៌មាន ពួកគេដោយមិនបានការរើសអើង ឬមិនគិតតែផលប្រយោជន៍បុគ្គល ហើយបើសិនជាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកទាំងនេះមិនព្រមចរចាទេ នោះរដ្ឋាភិបាលនឹងអនុវត្តទៅតាមគោលការណ៍ច្បាប់របស់ខ្លួន។

ចាប់តាំងពីខែមីនាកន្លងមក ក្រុមហ៊ុន Google និង Facebook បានចុះកិច្ចព្រមព្រៀងជាមួយនឹងស្ថាប័នព័ត៌មានធំៗមួយចំនួននៅក្នុងស្រុក ប៉ុន្តែពួកគេមិនព្រមចុះកិច្ចព្រមព្រៀងជាមួយនឹងស្ថាប័នព័ត៌មានតូចៗនោះទេ ដូច្នេះហើយទើបរដ្ឋាភិបាលគ្រោងនឹងចាប់ផ្ដើម ពិនិត្យឡើងវិញ អំពីប្រសិទ្ធភាពនៃច្បាប់ រួមនឹងកិច្ចព្រមព្រៀងដែលមានកន្លងមក ហើយអាចនឹងជំរុញឱ្យមានកិច្ចព្រមព្រៀងថ្មីបន្ថែមទៀត៕