(ភ្នំពេញ)៖ ក្រុមហ៊ុនរចនាប្លង់អន្តរជាតិ Zhucun Design ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់ បាននិងកំពុងបង្ហាញស្នាដៃ ក្នុងការរចនាប្លង់សម្រាប់គម្រោងបុរីដ៏ធំមួយនៅកម្ពុជា ខណៈក្រុមហ៊ុននេះទទួលបានរង្វាន់ជាច្រើន កម្មវិធីទាក់ទងនឹងរចនាប្លង់ និងស្ថាបត្យកម្ម។

ក្រុមហ៊ុន Zhucun Design ដែលបានបង្កើតឡើងនៅឆ្នាំ២០០៩ ទទួលបានពានរង្វាន់ជាច្រើនកម្មវិធី Design Award 2021 ពានរង្វាន់ពី A’Design Award & Competition ពានរង្វាន់ពី German Design Award 2021 ពានរង្វាន់ពី Architecture Masterprizeពានរង្វាន់ពី K-Design’20 ពានរង្វាន់ពី Good Design Award 2020 និងពានរង្វាន់ជាច្រើនទៀត។

គម្រោងដែលក្រុមហ៊ុន Zhucun Design រចនាប្លង់ជូន គឺបុរីថ្មីមួយ GB Residence ដែលបោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ចំនួន៦២លានដុល្លារអាមេរិក និងបាននិងកំពុងបង្ហាញវត្តមាននៅជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាតំបន់កំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

ជាមួយគ្នានេះ អ្នកវិនិយោគបុរីGB Residence លោកឧកញ៉ាតាំង គួងហាវបានមានប្រសាសន៍ឲ្យ ដឹងកាលពីពេលថ្មីៗនេះថា ដោយសារមើលឃើញសក្តានុពលតំបន់នេះ ស្ថិតនៅជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ និងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងការកើនឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋ។ កំណើនពលរដ្ឋចូលមករស់នៅកៀកទីក្រុងកាន់តែច្រើន ទើបលោកសម្រេចចិត្តវិនិយោគបុរីនេះឡើង ដោយផ្តោតលើគុណភាពប្រណីតភាព និងភាពស៊ីវិល័យ។

លោកបានបន្តថា «ជាមួយនឹងការរចនាលំនៅដ្ឋាន ដោយអ្នកជំនាញអន្តរជាតិ ដែលបានឈ្នះពានរង្វាន់នៅទីក្រុងឌូបៃ បានធ្វើឲ្យគំរោងរបស់យើង មានម៉ូតផ្ទះស្អាត ប្លែក ប្រកបដោយស៊ីវិល័យ ពិសេសផ្តល់ជូនអ្នករស់នៅប្រកបដោយផាសុខភាព»។ លោកបន្តថា «ផ្ទះក្នុងគំរោងGB Residenceមានតម្លៃចាប់ពីជាង ៨ម៉ឺនដុល្លារ ដល់ជាង១០ម៉ឺនដុល្លារអាមេរិក អាស្រ័យលើប្រភេទផ្ទះ ទំហំ និងទីតាំងរបស់ផ្ទះនិមួយៗ»

បុរី GB Residence សាងសង់លើទំហំដីជិត៩ហិកតា ជាមួយនឹងលំនៅដ្ឋានសរុប៥៨៨ផ្ទះ ពិសេសក្នុងគំរោងនេះមានផ្សារទំនើប ហាងកាហ្វេ ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ ពិសេសផ្លូវចូលបុរីទំហំ៥០ម៉ែត្រ ជាមួយនឹងសួនច្បារនៅចំកណ្តាល ដែលសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអ្នករស់នៅតំបន់នេះ៕