(មេនឆេស្ទើ)៖ ស្របពេលមានព័ត៌មានជាច្រើនចុះផ្សាយថា Zinedine Zidane កាន់តែខិតជិតមកដឹកនាំក្លិប Manchester United នោះ ស្រាប់តែប្រភពជិតស្និទ្ធនឹងបុរសសញ្ជាតិបារាំងទម្លាយថា រូបលោកមិនចាប់អារម្មណ៍ការងារនៅដី Old Trafford ទៅវិញ។

Zidane ដែលមានវ័យ ៤៩ឆ្នាំ ធ្វើបានល្អមែនទែនក្នុងការវិវត្តន៍ខ្លួនដឹកនាំក្រុមឈុតធំ Real Madrid និងទំនេរអត់ការងារធ្វើចាប់តាំងពីលាឈប់ការដឹកនាំជាលើកទី២ ក្នុងក្លិប Los Blancos មួយនេះ ដ្បិតរូបលោកកំពុងត្រូវបានទាក់ទងមកដឹកនាំ Man Utd ក៏ដោយ ដើម្បីមកជំនួសកៅអីគ្រូបង្វឹកសញ្ជាតិន័រវេស លោក Ole Gunnar Solskjaer ដែលត្រូវបានបញ្ចប់ពីតួនាទីកាលពីថ្ងៃអាទិត្យម្សិលមិញ។

លើសពីនេះទៀត Zidane ដែលបានឈ្នះពាន World Cup ឆ្នាំ១៩៩៨ និងរងជើងឯកនៅឆ្នាំ២០០៦ នោះ ក៏ត្រូវបានទាក់ទងឲ្យទៅដឹកនាំក្លិបបារាំង Paris Saint-Germain ផងដែរ និងបានកំពុងស្វែងរកជម្រើសដែលស័ក្តិសមទៀតផង។

លោក Mauricio Pochettino ដែលកំពុងដឹកនាំ PSG ក៏ត្រូវបានផ្សាភ្ជាប់ក្នុងការមកដឹកនាំបិសាចក្រហមដែរ គ្រាដែល Zidane មានការចាប់អារម្មណ៍ទៅដឹកនាំក្លិបក្នុងស្រុករបស់លោកជាង៕