(ញូដេលី)៖ នាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Amazon ប្រចាំប្រទេសឥណ្ឌា ត្រូវបានចោទប្រកាន់ថា បានរត់ពន្ធកញ្ឆាតាមរយៈ ការលក់រាយ នៅលើអនឡាញ ដែលខុសនឹងច្បាប់ប្រឆាំងគ្រឿងញឿនក្នុងប្រទេស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។

យោងតាមការបញ្ជាក់ពីសំណាក់មន្ត្រីប៉ូលិសនៅក្នុងរដ្ឋ Madhya Pradesh បានឱ្យដឹងថា បុរសពីរនាក់ត្រូវបានចាប់ ខ្លួន ជាមួយនឹងកញ្ឆាចំនួន ២០គីឡូក្រាម កាលពីថ្ងៃទី១៤ ខែវិច្ឆិកា និងបានរកឃើញថាពួកគេបានប្រើប្រាស់គេហទំព័រលក់ទំនិញអនឡាញ Amazon នៅក្នុងប្រទេស ឥណ្ឌា (Amazon India) ដើម្បីបញ្ជាទិញកញ្ឆា និងរត់ពន្ធសារធាតុញឿនជាច្រើនទៀត ទៅកាន់រដ្ឋផ្សេងៗនៅក្នុងប្រទេសឥណ្ឌា។

អាជ្ញាធរបានបញ្ជាក់ថា ធ្លាប់បានកោះហៅនាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Amazon ប្រចាំប្រទេសឥណ្ឌាមកបំភ្លឺពាក់ព័ន្ធនឹងសំណុំរឿងនេះ ដោយតាមការប៉ាន់ប្រមាណមានកញ្ឆាប្រមាណ ១០០០០គីឡូក្រាម ដែលមានតម្លៃប្រហែល ១៤៨០០០ដុល្លារ ត្រូវបានដាក់លក់ នៅលើ Amazon ក្នុងប្រទេសឥណ្ឌា។

ការចោទប្រកាន់ជាថ្មីមកលើនាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Amazon ប្រចាំប្រទេសឥណ្ឌា ក៏ដូចជាក្រុមហ៊ុនលក់ទំនិញអនឡាញយក្ស របស់ អាមេរិកនេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នៅមិនទាន់ដឹងព័ត៌មានលម្អិតឡើយ ខណៈដែលអ្នកនាំពាក្យក្រុមហ៊ុន បាន និយាយអំពីការរត់ពន្ធកញ្ឆាដែលត្រូវបានចោទប្រកាន់នេះថា «យើងបានទទួលដំណឹងនេះ ហើយយើងក៏កំពុងស៊ើបអង្កេតលើកករណីនេះផងដែរ»

គួរបញ្ជាក់ផងដែរថា អាជ្ញាធរឥណ្ឌាប៉ុន្មានឆ្នាំថ្មីៗនេះបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការបង្ក្រាបគ្រឿងញៀនខុសច្បាប់ ដោយក្នុងនោះ មានតារាសម្ដែង និងបុគ្គលទូរទស្សន៍ល្បីៗជាច្រើននាក់បានស្ថិតនៅក្រោមការត្រួតពិនិត្យពីមន្ត្រីគ្រឿងញៀនតាំងពីឆ្នាំមុន៕