(អាមេរិក)៖ កម្មវិធីពានរង្វាន់ផ្នែកតន្ត្រី ប្រចាំឆ្នាំដ៏ធំរបស់អាមេរិក (American Music Awards) សម្រាប់ឆ្នាំ២០២១ គឺត្រូវបានធ្វើឡើងនៅចុងសប្តាហ៍កន្លងទៅនេះ នៅក្នុងទីក្រុង Los Angeles ហើយជាថ្ងៃប្រមូលផ្ដុំទៅដោយតារាល្បីៗលំដាប់ពិភពលោក បង្ហាញមុខជុំគ្នាអង្រួនព្រឹត្តិការណ៍មិនស្ទើរផងដែរ។ អ្វីដែលគេចាប់អារម្មណ៍ គឺក្រុមចម្រៀង BTS ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយថែមទាំងបានឈ្នះពានធំៗ ដល់ទៅ៣ត្រឡប់មកកាន់ប្រទេសរបស់ខ្លួនថែមទៀត ដោយការឈ្នះពាននេះ 𝐁𝐓𝐒 បានក្លាយជាតារាអាស៊ីដំបូងគេ នៅក្នុងប្រវត្តិសាស្ត្រ ដែលបានឈ្នះពានរង្វាន់ «Artist of the Year» ពីកម្មវិធី AMAs នៅអាមេរិក។

តាមការចេញផ្សាយ ដោយសរព័ត៌មាន All-KPOP នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ពានរង្វាន់ធំៗទាំង៣ ដែលក្រុម BTS ទទួលបានរួមមានពាន «Artist of the Year» ដែលធ្វើឲ្យក្រុមនេះជាប់ឈ្មោះថា តារាអាស៊ីដំបូងគេនៅក្នុងប្រវត្តិសាស្ត្រ បានឈ្នះពានរង្វាន់ «Artist of the Year» ពីកម្មវិធី American Music Awards នេះ , ពាន «Favorite Pop Duo/Group» និងពាន «Favorite Pop Song» សម្រាប់បទ Butter។

គួរជម្រាបថា កម្មវិធីពានរង្វាន់ AMAs នៅអាមេរិក ក្នុងឆ្នាំ២០២១នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងទីក្រុង Los Angeles ដែលកម្មវិធីនេះសុទ្ធតែមានវត្តមាន របស់តារាៗលើពិភពលោកចូលរួម ដើរលើកម្រាលព្រំក្រហម និងខ្លះឡើងសម្តែងលើឆាក រួមមានទាំង Cardi B, BTS, Olivia Rodrigo, DJ Diplo, JoJo និងតារាប្រុស ស្រីល្បីឈ្មោះជាច្រើនរូបទៀត។ ងាកមកការទទួលជោគជ័យរបស់ តារា K-POP ដ៏ល្បីគឺ BTS នៅលើឆាកតន្រ្តីដ៏ធំមួយនេះវិញ គឺត្រូវបានអ្នកគាំទ្រទូទាំងពិភពលោក សម្តែងការសាទរជាបន្តបន្ទាប់ផងដែរ៕