(ភ្នំពេញ)៖ សារមន្ទីរជាតិ ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នឹងរៀបចំពិព័រណ៌មិនអចិន្ត្រៃយ៍ស្ដីពី «ពិព័រណ៌សិល្ប:មហោស្រពវប្បធម៌អាស៉ី និងអឺរ៉ុប ២០២១» ដើម្បីចូលរួមអបអរកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣ (ASEM13) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ «ពិព័រណ៌សិល្ប:មហោស្រពវប្បធម៌អាស៉ី និងអឺរ៉ុប ២០២១» មានប្រធានបទធំៗចំនួន ៦គឺ Happy Head, Sahaka playground, Encountering culture, The longest voyage, Thing that count, II Nodo: A sketch of hope។

បើតាម Facebook របស់សារមន្ទីរជាតិ, ស្នាដៃសិល្បៈដែលតាំងនៅក្នុងពិព័រណ៌នេះរួមមាន ស្នាដៃចម្លាក់ រូបថត រូបគំនូរ គ្រឿងអលង្ការ វីដេអូខ្លីៗ ដែលឆ្លុះបញ្ចាំងពីបទពិសោធន៏នៃការធ្វើដំណើរឆ្លងទ្វីប ស្ថានភាពរស់នៅប្រចាំថ្ងៃ និងឥទ្ធិពលគំនិតនៃសិល្បករមកពីទ្វីបទាំងពីរ ជាពិសេសសាមគ្គីភាព និងចំណងមិត្តភាពលើវិស័យវប្បធម៌ នៃបណ្ដាប្រទេសក្នុងទ្វីបអាស៉ី និងអឺរ៉ុប។ ពិព័រណ៍នេះនឹងដាក់តាំងបង្ហាញជូនទស្សនា ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់បានឲ្យ Fresh News ដឹងថា ពិព័រណ៌សិល្បៈជាច្រើនប្រភេទនោះ រួមមាន៖

* ផ្ទាំងគំនូរ ១០ផ្ទាំង
* ចម្លាក់ ចំនួន៣
* រូបថតខ្ទង់ ៥០ផ្ទាំង
* Installation ចំនួន៣
* គ្រឿងអលង្ការ ១២ឈុត។

លោកបានបញ្ជាក់ថា៖ «ជាគោលការណ៍ នៅពេលភ្ញៀវប្រាប់ថា គាត់ចូលមកទស្សនាពិព័រណ៌នេះ យើងមិនតម្រូវឲ្យគាត់បង់ប្រាក់នោះទេ»។

សូមជម្រាបថា ដើម្បីអបអរសាទរកិច្ចប្រជុំ ASEM13 ដែលរៀបចំឡើងនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសហភាពអឺរ៉ុប (EU) និងមូលនិធិអាស៉ីអឺរ៉ុប (ASEF) បានរៀបចំមហោស្រពវប្បធម៌អាស៉ីអឺរ៉ុប ដែលជាព្រឹត្តិការណ៍អមផ្សេងៗទៀតនៃ ASEM13 ដោយបង្ហាញពីភាពចម្រុះនៃវប្បធម៌ និងការផ្លាស់ប្តូរសិល្បៈរវាងអាស៉ី និងអឺរ៉ុប។

មហោស្រពវប្បធម៌អាស៉ីអឺរ៉ុប ឆ្នាំ២០២១ មានចំណងជើងថា «អាស៉ី និងអឺរ៉ុប៖ ចំណងវប្បធម៌» ដែលជាមហោស្រពសិល្បៈចម្រុះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធអនឡាញ។ នៅឆ្នាំនេះ ព្រឹត្តិការណ៍ជាង៣០ ដែលមានសិល្បករអាស៉ី និងអឺរ៉ុប ជាង ១០០នាក់ នឹងបង្ហាញអំពីភាពចម្រុះ នៃវប្បធម៌ដ៏សម្បូរបែប និងការសហការប្រកបដោយភាពច្នៃប្រឌិតដ៏អស្ចារ្យពីអាស៉ី និងអឺរ៉ុប តាមរយៈការសម្តែងល្ខោន របាំ តន្រ្តី ការតាំងពិព័រណ៌ និងវេទិកាជជែកពិភាក្សា។

ក្នុងរយៈពេល ៥ថ្ងៃ នៃមហោស្រព ព្រឹត្តិការណ៍សិល្បៈតំណាងឲ្យដៃគូអាស៉ីអឺរ៉ុប ជាង២០ រួមមាន ការសម្តែងរបាំ និងល្ខោន ការប្រគុំតន្ត្រី សិល្បៈសូនរូប ការតាំងពិព័រណ៌ និងវេទិកាពិភាក្សាជាមួយសិល្បករ នឹងត្រូវបានបង្ហាញជាផ្លូវការលើគេហទំព័រ www.ASEMculturalfestival.com ៕